រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវដឹកភេសជ្ជៈបានបោះពួយចាក់គួត្រង់រង្វង់មូលក្រឡាប់ផ្ងារកង់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ កញ្ញា នៅខាងជើងបញ្ជរបង់ប្រាក់តាមផ្លូវឧកញ៉ាលីយ៉ុងផាត់ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ ។ ទោះបីយ៉ាងណាពុំបង្កឱ្យមនុស្សរងរបួសឡើយ រីឯរថយន្តបានរងការខូចខាតបែកកញ្ចក់ ។ រថយន្តដែលក្រឡាប់ជារថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនមួយតែគេពុំស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយបត់ទៅតាមផ្លូវស្ពានឧកញ៉ាលីយ៉ុងផាត់ ពេលធ្វើដំណើរផុតពីបញ្ជរបង់ប្រាក់មកដល់រង្វង់មូល ដោយសារតែបើកក្នុងល្បឿនលឿនបានទាញចង្កូតចាក់គួតាមរង្វង់មូលផ្លូវកាច់មកវិញក៏ក្រឡាប់បណ្តាលឱ្យបែកកញ្ចក់មុខហើយអ្នកបើករថយន្តបានចេញមកពីក្នុងរថយន្តទាំងព្រលឹងចុងសក់ ។ បន្ទាប់ពីជួបគ្រោះថ្នាក់អ្នកបើកបរបានទាក់ទងហៅរថយន្តមួយគ្រឿងទៀតមកសាងទំនិញរួចបានហៅរថយន្តស្ទូចយកចេញ មិនបានរំខានដល់ប៉ូលិសឡើយ ។
តាមព័ត៌មានឱ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តនេះបានដឹកភេសជ្ជៈពីខេត្តកំពង់ធំក្នុងគោលបំណងមកភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ បត់ឡើងតាមស្ពានឧកញ៉ាលីយ៉ុងផាត់ លុះមកដល់រង្វង់មូលក៏បានជួបគ្រោះថ្នាក់តែម្តង ៕
ចែករំលែកព័តមាននេះ