ប្រធានាធិបតីកូឡុំប៊ីលោកហ្សង់ម៉ានុយអែលសាន់តូសអះអាងថា មេរត់ពន្ធគ្រឿងញៀនសំខាន់ម្នាក់ដែលតាមរកចាប់ខ្លួនបំផុតនៅកូឡុំប៊ីត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៨ កញ្ញា នៅវេណេស៊ុយអេឡាជាមួយនឹងជំនួយរបស់ប្រទេសនោះ ព្រមទាំងរបស់ពួកភ្នាក់ងារសើុបការណ៍អង់គ្លេសនិងអាមេរិក ។
លោកសាន់តូសថ្លែងតាមទូរទស្សន៍ថា ជនឈ្មោះដានីញ៉ែល បារឺរ៉ា ហៅឡូកូបារឺរា៉ត្រូវចាប់ខ្លួននៅសាន់គ្រីស្តូបាល់ជិតព្រំដែនកូឡុំប៊ីក្នុងឱកាសនៃប្រតិបត្តិការមួយដឹកនាំធ្វើដោយឧត្តមសេនីយ៍ប៉ូលិសកូឡុំប៊ីមួយរូបដែលរួមសហការជាមួយអាមេរិក ។ ប្រមុខរដ្ឋរូបនោះបន្តថា ឡូកូបារឺរ៉ាអាចជាប្រមុខក្រុមជនខិលខូចរត់ពន្ធគ្រឿងញៀនដែលតាមរកចាប់ខ្លួនបំផុតនាពេលនេះ ។ ជននោះបង្កការឈឺក្បាលនៅកូឡុំប៊ីនិងនៅលើពិភពលោកដោយបង្កអំពើឧក្រិដ្ឋគ្រប់ប្រភេទ ហើយមានកិច្ចសហការជាមួយពួកឧទ្ទាមកូឡុំប៊ី២ក្រុមសំខាន់ ។
រង្វាន់សម្រាប់ការចាប់ខ្លួនជននោះអាមេរិកឱ្យ៥លានដុល្លារ ហើយកូឡុំប៊ី២,៧លានដុល្លារ។ លោកសាន់តូស ដែលចាប់តាំងពីលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១០មករក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោកហ៊ូហ្គោ ឆាវេស នោះបានថ្លែងអំណរគុណដល់ក្រុងការ៉ាកាស់ ដោយសារជំនួយរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ