ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​​មាន​ជំនាញ​ខ្ពស់​​ក្នុង​ការ​បង្ហាត់​​​សារិកា​ឱ្យចេះ​​និយាយ​ភាសាមនុស្ស

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​បើ​ទោះ​​​ជា​សារិកា​​ជា​ប្រភេទ​សត្វ​​ព្រៃ​ក៏​​ពិត​មែន​​ តែ​ឆ្លង​កាត់​​​​ការ​ចិញ្ចឹម​​​បី​បាច់​​​ថែរក្សា​​ បូក​រួម​​ទាំង​​ការ​ហ្វឹក​​ហាត់​យ៉ាង​យក​ចិត្ត​ទុកដាក់​​​​ គឺ​មិន​​ត្រឹម​តែ​​ចេះនិយាយ​​​​ភា​សា​មនុស្ស​​​​ទេ​ ថែម​ទាំង​មាន​​​អត្ត​ចរិត​​​បី​ដូច​ជា​​​មនុស្ស​​​ដែរ​ ។បុរ​ស​​​ធីវ​ ប៉ោង​ ​រស់​នៅ​ភូមិ​​​ស្វាយ​ខាង​​​ជើង​ ឃុំ​បាស្រែ ស្រុក​អង្គរ​បុរី​ ខេត្ត​តាកែវ​ និង​ជា​អ្នក​​​ដែល​ធ្លាប់​​​មាន​បទ​ពិសោធន៍​​​​ទាំង​ការ​ចិញ្ចឹម​​​ និង​​បង្ហាត់​សារិកា​​​បាន​

ខេត្តតាកែវ ៖ ​បើ​ទោះ​​​ជា​សារិកា​​ជា​ប្រភេទ​សត្វ​​ព្រៃ​ក៏​​ពិត​មែន​​ តែ​ឆ្លង​កាត់​​​​ការ​ចិញ្ចឹម​​​បី​បាច់​​​ថែរក្សា​​ បូក​រួម​​ទាំង​​ការ​ហ្វឹក​​ហាត់​យ៉ាង​យក​ចិត្ត​ទុកដាក់​​​​ គឺ​មិន​​ត្រឹម​តែ​​ចេះនិយាយ​​​​ភា​សា​មនុស្ស​​​​ទេ​ ថែម​ទាំង​មាន​​​អត្ត​ចរិត​​​បី​ដូច​ជា​​​មនុស្ស​​​ដែរ​ ។បុរ​ស​​​ធីវ​ ប៉ោង​ ​រស់​នៅ​ភូមិ​​​ស្វាយ​ខាង​​​ជើង​ ឃុំ​បាស្រែ ស្រុក​អង្គរ​បុរី​ ខេត្ត​តាកែវ​ និង​ជា​អ្នក​​​ដែល​ធ្លាប់​​​មាន​បទ​ពិសោធន៍​​​​ទាំង​ការ​ចិញ្ចឹម​​​ និង​​បង្ហាត់​សារិកា​​​បាន​រៀប​រាប់​​​ប្រាប់​ឱ្យ​ដឹង​​កាល​ពី​ពេល​​ថ្មី​​​ៗ​នេះ​ថា ​​គាត់​​ចូល​ចិត្ត​​​ចិញ្ចឹម​សត្វ​មួយ​ចំនួន​​​ដូច​ជា សត្វ​ព្រាប​ សត្វ​កុក​ សារិកា​​ធម្មតា​ និង​សារិកា​ភ្នំ​ ។ ចំពោះ​សត្វ​​ដែល​គាត់​​​អាច​​បង្ហាត់​​ឱ្យ​ចេះ​និយាយ​​​ភាសា​មនុស្ស​បាន​​នោះ​ គឺ​ពពួក​សត្វ​​សារិកា​​នៅក្នុង​ព្រៃ​​ភ្នំ​ ព្រោះ​​វា​មាន​រូបរាង​ខុស​​ពី​ពួក​​សត្វ​សារិកា​​​ដែល​រស់​នៅ​តាម​​​ស្រុក​ភូមិ​ធម្មតា​ ។

បុរស​ដដែល​បន្ថែម​ទៀត​​​ថា សត្វ​​សារិកា​​ភ្នំ​មាន​មាឌ​​ធំ សម្បុរ​ខ្មៅ ចំពុះ​​​ពណ៌​លឿង​ មាន​ដុះ​ស្លឹក​​​ត្រចៀក​ ហើយ​វា​មាន​សំបុក​​នៅ​ដើម​ឈើ​​ធំ​ៗ​នៅ​តំបន់​ភ្នំ​ ។ ភាគ​ច្រើន​​​​សារិកា​នេះ​ចាប់​ផ្តើម​​ពង​នៅ​​អំឡុង​​ខែមេសា​​ និង​ញាស់​នៅក្នុង​ខែ​មិថុនា ។ ប្រភេទ​សារិកា​​​ដែល​ចាប់​មក​​ចិញ្ចឹម​ និងបង្ហាត់​​ឱ្យចេះ​និយាយ​​​នោះ​ជា​កូន​សារិកា​​ដែល​ទើប​នឹង​​​ញាស់​​ និងមាន​អាយុ​​​យ៉ាង​ច្រើន​បំផុត​​១៥​ថ្ងៃ​ ព្រោះ​បើ​យក​សារិកា​ដែល​មាន​​​អាយុ​ច្រើន​មក​ចិញ្ចឹម​​​នោះ​មិនងាយ​​​​បង្ហាត់​ឱ្យ​ចេះ​និយាយ​​​បាន​ទេ។

ចំពោះ​ការ​ចិញ្ចឹម​​​​ និងការ​បង្ហាត់​​​​ឱ្យ​​សារិកា​​​​ចេះ​និយាយ​​លោក​ធីវ​ ប៉ោង​ បង្ហើប​ឱ្យដឹង​​​​​ថា កូន​សារិកា​​នៅ​ពេល​យក​មក​ចិញ្ចឹម​​​យើង​ត្រូវ​​ស្រឡាញ់​​​ចាត់​ទុក​​បី​ដូចជា​​​កូន​របស់​យើង​​​ដែរ​ ​គឺ​មាន​​​ន័យ​ថា មើល​ថែ​ផ្តល់​ចំណី​អាហារ​​​ឱ្យបាន​គ្រប់​គ្រាន់​​​ គ្រប់​ពេល​វេលា​​​ ហើយ​ចំណី​​ទៀត​សោត​​​មាន​ដូច​ជា​​សាច់​គោ ​ម្ទេស​ទុំ​​គ្រប់​ប្រភេទ​ ឬ​ប្រភេទ​​​ចំណី​របស់​​សត្វ​ជ្រូក​ ។ រយៈ​ពេល​ចាប់​តាំង​​​ពី​ចិញ្ចឹម​រហូត​ដល់​ពេល​ចេះ​និយាយ​​​​ប្រហែល​​​ជា​៩ទៅ​១០​ខែ​​​គឺ​អាច​ចេះ​និយាយ​​​បាន​ខ្លះៗ​​​អាស្រ័យ​ទៅ​លើការ​បង្ហាត់​ ។

នៅ​ពេល​​​សារិកា​​​មាន​មាឌ​ធំ​ និង​ចេះ​និយាយ​​​នោះ​គឺ​ប្រៀប​បី​​ដូច​ជា​ម៉ាស៊ីន​​ថត​សំឡេង​​​​ និង​ចាក់​ផ្សាយ​​ឡើង​វិញ ។ ដំបូង​​ឡើយ​ក្នុង​ខណៈ​​ពេល​ចិញ្ចឹម​​​បីបាច់​ថែរក្សា​​​ យើង​ត្រូវ​តែ​ព្យាយាម​ក្នុងការ​​និយាយ​ឆ្លើយ​ឆ្លង​​​ជាមួយ​វា​ញឹក​ញាប់​​រាល់​ថ្ងៃ ​។ លើស​ពី​នេះ​យើង​ត្រូវ​បើក​វិទ្យុ​ ដាក់​នៅ​ក្បែរ​ទ្រុង​របស់​សារិកា ដើម្បី​ឱ្យ​វា​ហាត់​និយាយ​ធ្វើ​​ត្រាប់​​តាម​នូវ​សំឡេង​​​ផ្សេង​ៗ​​ដែល​កើតមាន​​​នៅជុំ​វិញ​​ខ្លួន​វា​​ ។ ការ​បង្ហាត់​ឱ្យ​វា​និយាយ​គឺ​ពាក្យ​ធម្មតា​ៗ​ដូច​ជា​ បាទ​ ចាស វង​អើយ​ ម៉ាក​់​ ប៉ា​ អ៊ុំ និង​សំឡេង​​សើច ​ជាដើម ។ យ៉ាង​ហោច​​ណាស់​ក្នុង​មួយ​ថ្ងៃ​​​​ចំណាយ​ពេល​ពី​​​១៥​ទៅ​​២០​នាទី​ ក្នុង​ការ​បង្ហាត់​​​សារិកា​​​ឱ្យ​ចេះ​និយាយ​ ។

បុរស​​ឈ្មោះធីវ ប៉ោង​ ឱ្យដឹង​ថា នៅ​ពេល​​​សារិកា​ចេះ​​និយាយ​​ភាសា​​សាមញ្ញ​ៗ​ទាំង​នោះ​ហើយ​ ពេលក្រោយ​​មិនចាំបាច់​​​ចំណាយ​ពេល​បង្ហាត់​​បន្ថែម​ទៀត​ទេ​ គឺ​នៅ​ពេល​​​ឮ​សំឡេង​​អ្វី​ប្លែក​​​​ដែល​វា​មិន​ធ្លាប់​ឮ​​​ពីមុន​មក​​​​ វា​ក៏​អាច​​​​ធ្វើ​​ត្រាប​់​បាន​ដូច​សំឡេង​​​នោះ​​ដែរ ។
យោង​តាម​​​​​អ្នក​ទិញ​​សារិកាមួយ​ចំនួន​​ពី​លោក​ធីវ​ ប៉ោង​ យក​ទៅ​​ចិញ្ចឹម​​​​ឱ្យ​ដឹង​​​ថា ​សារិកា​ដែល​គាត់​ចិញ្ចឹម​​​នោះ​ចេះនិយាយ​​ភាសា​ខ្មែរ​​ ចេះ​​បង្អើលសត្វ​មាន់​ដែល​ស៊ី​​ស្រូវ​ហាល​ និង​ចេះ​ស្រែក​​​ហៅសត្វ​ជ្រូក​​​ឱ្យ​ស៊ី​បាយទៀត​ផង​ ៕