ខេត្តតាកែវ ៖ ស្រុកអង្គរបុរី ខេត្តតាកែវ ជាទីតាំងនៃនគរភ្នំ និងជាកន្លែងចាប់កំណើតអារ្យធម៌ខ្មែរ ដូច្នេះបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន ។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា ។សារមន្ទីរអង្គរបុរីមានទីតាំងនៅក្នុងភូមិកំពង់លួង ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ។
ប្រសិនបើលោកអ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ២ ប្រមាណ៧៧គីឡូម៉ែត្រ នឹងទៅដល់ទីរួមខេត្តតាកែវ រួចបន្តដំណើរតាមផ្លូវទឹកប្រឡាយលេខ១៥ក្នុងរដូវប្រាំងដោយទូក ឬកាណូត ឆ្ពោះទៅខាងកើតដល់ផ្សារអង្គរបុរី នៃទីរួមស្រុកអង្គបុរី គឺមានន័យថា លោកអ្នកបានទៅដល់សារមន្ទីរអង្គរបុរីហើយ។ ម្យ៉ាងវិញទៀត បើធ្វើដំណើរតាមរថយន្ត ឬម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ ដល់ប្រាសាទនាងខ្មៅ រួចបត់ឆ្វេងឆ្ពោះទៅទិសខាងកើត លោកអ្នកនឹងទៅដល់ផ្សារព្រៃល្វា រួចបន្តដំណើរទៅទិសខាងត្បូងត្រង់ប្រមាណកន្លះម៉ោងនឹងទៅដល់សារមន្ទីរអង្គរបុរី ។
យោងតាមប្រសាសន៍របស់លោក ជា សម្បត្តិ ដែលជាប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសារមន្ទីរស្រុកអង្គរបុរី បានមានប្រសាសន៍ឱ្យដឹងថា សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្គរបុរីនេះរក្សាទុកឱ្យស្ថិតស្ថិរគង់វង្សបន្តទៀត។លោកជា សម្បត្តិ ឱ្យដឹងបន្ថែមទៀតថា កាលពីមុនរាល់វត្ថុបុរាណដែលត្រូវបានរកឃើញ គឺយកទៅរក្សាទុកនៅសារមន្ទីរខេត្ត តែចាប់តាំងពីឆ្នាំ២០០៦ ដែលសារមន្ទីរស្រុកអង្គរបុរីកសាងមក គឺរក្សាទុកនៅសារមន្ទីរនេះតែម្តង ។
ចំពោះវត្ថុបុរាណដែលរក្សាទុកនៅក្នុងសារមន្ទីរស្រុកអង្គរបុរីនេះបែងចែកជា៤ប្រភេទ គឺទី១ប្រភេទថ្ម ទី២ប្រភេទដីដុត ទី៣ប្រភេទឆ្អឹង និងទី៤ប្រភេទស្ពាន់ ។ វត្ថុបុរាណភាគច្រើនប្រមូលពីបណ្តាឃុំនានា នៅក្នុងស្រុកអង្គរបុរី ជាពិសេសភាគច្រើននៅក្នុងឃុំព្រែកផ្ទោល និងឃុំអង្គរបុរី ។ឃុំអង្គរបុរី និងឃុំព្រែកផ្ទោលសម្បូរទៅដោយវត្ថុបុរាណ បើតាមលោកជា សម្បត្តិ បញ្ជាក់ថា មកពីជាទីតាំងរាជធានីនៃនគរភ្នំ ដែលលាតសន្ធឹង៦គីឡូម៉ែត្រការ៉េ ហើយក៏ជាទីតាំងផលិតសម្ភារសម្រាប់នាំចេញទៅបណ្តាប្រទេសនានាក្នុងសម័យនោះដែរ ។
ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១២ ប្រជាពលរដ្ឋប្រទះឃើញពពួកក្អមតូចៗជាច្រើន និងអដ្ឋិធាតុកប់ក្នុងដីនៅម្តុំខាងត្បូងស្ពានអង្គរបុរី ឆ្ពោះទៅប្រាសាទភ្នំដា។ នេះបញ្ជាក់ឱ្យដឹងកាន់តែច្បាស់ថា ភូមិសាស្ត្របុរាណសម័យហ្វូណន ពិតជាស្ថិតនៅក្នុងទឹកដីនៃឃុំអង្គរបុរី និងឃុំព្រែកផ្ទោលមែន ។ កាលពីពេលថ្មីៗនេះ សារមន្ទីរអង្គរបុរីបាននាំយករូបព្រះវិស្ណុមានទម្ងន់៣៦,៥គីឡូក្រាម ពីឃុំព្រៃផ្គាំ រក្សាទុកនៅសារមន្ទីរអង្គរបុរីផងដែរ ។
លោកជា សម្បត្តិ ឱ្យដឹងថា ចំពោះភ្ញៀវទេសចរបរទេសដែលចូលទស្សនាសារមន្ទីរអង្គរបុរី គឺជាមធ្យមមានចំនួន៤០នាក់ក្នុងមួយខែ ។ ចំណែកភ្ញៀវជាតិមិនសូវមានទេ ។ ក្នុងឆ្នាំ២០១២នេះ លោកមិនទាន់សន្និដ្ឋានបានថា ចំនួនភ្ញៀវទេសចរកើនឡើងជាងឆ្នាំ២០១១ ឬយ៉ាងណាទេ ព្រោះតាមធម្មតាភ្ញៀវចូលទស្សនាភាគច្រើនចាប់ផ្តើមពីចុងខែសីហា ទៅដល់ខែធ្នូ ៕
ចែករំលែកព័តមាននេះ