កាលពីថ្ងៃទី១៨ កញ្ញា វេបសាយដឹសាន់របស់អង់គ្លេសផ្សាយឱ្យដឹងថា មានមនុស្សប្រទះឃើញបាតុភូតដ៏កម្របំផុតនៅលើពិភពលោក គឺខ្យល់កួចភ្លើងនៅទីក្រុងអាលីស្រ្ព៊ីង ប្រទេសអូស្រ្តាលី ។ ខ្យល់បានកួចយកភ្លើងឡើងទៅលើអាកាសខ្ពស់ពីដីប្រហែល៣០ម៉ែត្រ និងមានរយៈពេលយូរជាង៤០នាទី ទើបបាត់ ។
ហេតុការណ៍នោះថតជាវីដេអូឃ្លីប ដោយអ្នកស្រីគ្រីស ថេនគី អាយុ៥២ឆ្នាំ ។ គាត់បញ្ជាក់ថា ពេលឮសម្លេងបុរសម្នាក់ស្រែកឱ្យទៅមើលខ្យល់កួច គាត់ក៏ស្ទុះទៅមើល ហើយថតរូបនោះបាន តែម្តង ។ ស្រ្តីនោះបញ្ជាក់ថា «ខ្ញុំបានធ្វើដំណើរទៅតាមទីកន្លែងផ្សេងៗជាង២៣ឆ្នាំមកហើយ ប៉ុន្តែទើបតែជួបបាតុភូតបែបនេះដោយផ្ទាល់ជាលើកដំបូង » ។
សម្រាប់បាតុភូត«ខ្យល់កួចភ្លើង» ឬឈ្មោះផ្សេងៗទៀតហៅថា «ភ្លើងបិសាច» កើតឡើងដោយសារខ្យល់មានល្បឿនលឿនដល់ទៅ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បោកបក់ទៅជួបនឹងភ្លើងឆេះព្រៃ រួចកួចត្របាញ់ភ្លើងឡើងលើអាកាស ។ ត្រូវមានសីតុណ្ហភាពអាកាសធាតុ និងចរន្តខ្យល់សមស្របទើបកើតមានរូបភាពនោះបាន ៕
ចែករំលែកព័តមាននេះ