ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​​​ពន្ធ​​​លើ​​ផលិត​​​​​ផល​ថ្នាំ​ជក់​​​ធ្វើ​ឱ្យ​​​​​ផ្នែក​​​​​សេដ្ឋកិច្ច​​​​ និង​សុខា​ភិបាល​​​​​សាធារណៈប្រសើរ​ឡើង​

12 ឆ្នាំ មុន

​​រាជធានីភ្នំពេញ​ ៖ លោកស្រីវេជ្ជបណ្ឌិត Ayda Yurekli អ្នកសេដ្ឋសាស្ត្រ​ត្រួតពិនិត្យ​ថ្នាំ​ជក់​នៃអង្គការសុខភាពពិភពលោក បាន​លើក​ឡើង​​ពី​សារ​ប្រយោជន៍​នៃការ​ដំឡើង​ពន្ធ​លើ​ផលិត​ផលថ្នាំជក់ថា វាអាចធ្វើឱ្យ​ប្រទេស​កម្ពុជា​​ក៏ដូចជាប្រទេស​ដទៃទៀត​ក្នុង​ពិភព​លោកយើង​នេះ​រកចំណូល​បាន​ច្រើន​ក្នុងវិស័យ​សេដ្ឋកិច្ចជាតិនិងវិស័យ​សុខាភិបាល​សាធារ​ណៈ ។

​​រាជធានីភ្នំពេញ​ ៖ លោកស្រីវេជ្ជបណ្ឌិត Ayda Yurekli អ្នកសេដ្ឋសាស្ត្រ​ត្រួតពិនិត្យ​ថ្នាំ​ជក់​នៃអង្គការសុខភាពពិភពលោក បាន​លើក​ឡើង​​ពី​សារ​ប្រយោជន៍​នៃការ​ដំឡើង​ពន្ធ​លើ​ផលិត​ផលថ្នាំជក់ថា វាអាចធ្វើឱ្យ​ប្រទេស​កម្ពុជា​​ក៏ដូចជាប្រទេស​ដទៃទៀត​ក្នុង​ពិភព​លោកយើង​នេះ​រកចំណូល​បាន​ច្រើន​ក្នុងវិស័យ​សេដ្ឋកិច្ចជាតិនិងវិស័យ​សុខាភិបាល​សាធារ​ណៈ ។

ការលើក​ឡើង​នេះ លោកស្រី Ayda Yurekli បានមាន​ប្រសាសន៍ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុង​សន្និសីទ​កាសែត​មួយ កាលពីរសៀល​ថ្ងៃទី១៨ កញ្ញា នៅ​សណ្ឋា​គារភ្នំពេញ ឱ្យ​ដឹងទៀតថា ចំពោះ​វិស័យ​សេដ្ឋ​កិច្ច បើយើង​ដំឡើង​ពន្ធ​លើ​ផលិត​ផល​ថ្នាំ​ជក់ឱ្យ​បានកាន់​តែខ្ពស់​នោះ​ ផលិត​ផល​ទាំង​អស់​នោះ​នឹងឡើងថ្លៃ ហើយប្រជា​ពល​រដ្ឋ​ដែល​មាន​ជីវភាព​សមល្មម​ពួកគាត​់នឹង​កាត់​បន្ថយ​ចំណាយ​ក្នុងការទិញបារីជក់ ដូចនេះ​ពួកគាត​់នឹង​សល់​លុយសម្រាប់ទ្រទ្រង់ជីវភាព​គ្រួសារ​របស់​ពួក​គាត់បានស្រួលជាងមុន ។

ម្យ៉ាងទៀត ក្នុងការ​ដំឡើង​ពន្ធ​លើផ​លិត​ផល​ថ្នាំជក់នេះផងដែរ លោកស្រី​បន្តទៀតថា អាច​ធ្វើ​ឱ្យ​​ចំណូលពន្ធ​របស់រដ្ឋកើនឡើង ហើយ​យើង​ក៏​អាចយកថវិកា​ដែល​ទទួលបាន​ទាំង​នោះទៅ​អភិវឌ្ឍលើវិស័យ​ផ្សេងៗ​ដែល​ប្រទេស​យើង​កំពុងត្រូវការដូចជាវិស័យ​សុខាភិបាល សាធារ​ណៈ​ជាដើម ។ លោកស្រីវេជ្ជ​បណ្ឌិត​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា វិស័យសុខាភិបាល​សាធារណៈ​ក៏នឹង​ប្រសើរឡើង​ដែរ ប្រសិនណា​ប្រទេស​កម្ពុជា​យើងក៏ដូចជាប្រទេសដទៃទៀត​ដំឡើង​ពន្ធ​លើ​ផលិតផលថ្នាំជក់កាន់តែខ្ពស់ ព្រោះ​វាអាច​ធ្វើឱ្យ​កាត់បន្ថយ​អ្នកជក់ ពេ​ល​ណាកាត់​បន្ថយ​អ្នក​ជក់​បាន ពេលនោះក៏អាច​កាត់បន្ថយ​ជំងឺ​មិន​ឆ្លង​ដែល​បណ្ដាល​មកពីការ​ជក់​បារី​ដែរ ដូចជា​ជំងឺ​មហារីក​ផ្សេងៗ ។

ជាក់ស្ដែង​សហរដ្ឋអាមេរិក​មាន​ការ​ថយ​ចុះពីការជក់​បារី និង​អ្នក​ជំងឺ​ដែល​កើត​មហារីក​យ៉ាងច្រើន ដោយសារ​រដ្ឋាភិ​បាល​របស់​គេយកពន្ធ​លើផលិត​ផលថ្នាំជក់ខ្ពស់ ។ ទាក់​ទងនឹង​ការ​យក​ពន្ធ​ថ្នាំ​ជក់កាន់​តែខ្ពស់​លោក​ស្រី​បន្តថា កុមារ សិស្សសាលា និងមនុស្សពេញវ័យ នឹងកាត់បន្ថយការជក់ ហើយ​អត្រាអ្នក​ស្លាប់​ដោយ​សារជំងឺមិនឆ្លងក៏ធ្លាក់ចុះដែរ ។

ចំណែកលោកវេជ្ជបណ្ឌិត Ulysess Dorotheo ជាតំណាងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ អាស៊ី​អាគ្នេយ៍ បានរៀប​រាប់ពី​បទ​ពិសោធន៍ និង​លទ្ធផល​នៃការដំឡើង​ពន្ធលើផលិត​ផល​ថ្នាំ​ជក់​ពីប្រទេសនានាឱ្យ​ដឹង​នៅក្នុង​សន្និសីទ​នៅថ្ងៃ​នោះ​ដែរថា បារីមានតម្លៃថោក​ពេកនៅតាម​បណ្ដា​ប្រទេសជាច្រើន ដោយ​សារ​ពន្ធ​នៅ​មាន​កម្រិត​ទាប ប៉ុន្តែនៅពេលដែល​គេបាន​ដំឡើង​ពន្ធ​លើ​ផលិត​ផលថ្នាំ​ជក់កាន់តែខ្ពស់ តម្លៃបារីក៏ឡើងថ្លៃ ខ្ពស់ដែរ ហើយចំណូលរដ្ឋក៏កើនឡើង ។ ជាក់​ស្ដែង​​ប្រទេសថៃដែល​ជាប្រទេសជិត​ខាង​របស់​យើង នៅឆ្នាំ១៩៨៩ ពន្ធលើផលិត​ផលមាន​ពី​៣៥% ទៅ៥៥% ប៉ុណ្ណោះនៃ​តម្លៃ​លក់រាយ​តែ​ដល់ឆ្នាំ២០១២ ថៃបានដំឡើង​ដល់​៨៧% នៃ​តម្លៃ​លក់​រាយហើយថៃអាច​រកចំណូល​បាន​រាប់​រយ​ កោដិ​បាត ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន​តម្លៃ​ពន្ធ​លើផលិតផល​ថ្នាំជក់ត្រឹម​តែ៥%​នៃតម្លៃ​លក់​រាយ ហើយគេចង់ឱ្យ​ប្រទេស​កម្ពុជា​យក​ពន្ធ​ពី​ផលិតផលថ្នាំជក់កើនដល់៧០%នៃតំលៃលក់រាយ ដូចនេះវាត្រូវការរយៈ​ពេល​វែង​ទៀត​ដើម្បី​ឱ្យ​បានសម្រេចដូច​បំណង ។ ការដំឡើង​ពន្ធ​លើ​ផលិតផលថ្នាំជក់អាចជួយ​សង្គ្រោះជីវិត​ប្រជា​ពល​រដ្ឋឱ្យ​រួចផុតពីសេចក្ដីស្លាប់បានច្រើន ៕