ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ខណៈពេលបើករថយន្តច្នៃទៅទុកនៅក្រោមផ្ទះរបស់ខ្លួនមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងរនូតផ្ទះបណ្តាលឱ្យបែកក្បាល ។ ហេតុការណ៍គ្រោះថ្នាក់ចៃដន្យនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី១៨ កញ្ញា នៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
លោកវរសេនីយ៍ត្រី យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួកឱ្យដឹងថា ក្មេងប្រុសដែលស្លាប់នេះឈ្មោះជឿត សំណាង អាយុ១២ឆ្នាំ នៅក្នុងភូមិ-ឃុំខាងលើ ។ មុនពេលកើតហេតុ ក្មេងប្រុសរូបនេះត្រូវបានឪពុកប្រើឱ្យបើករថយន្តច្នៃពីមុខផ្ទះយកមកទុកនៅក្រោមផ្ទះ ដើម្បីកុំឱ្យត្រូវទឹកភ្លៀង ។ ពេលបើកមកស្របពេលមេឃភ្លៀងដីរអិល ក្មេងប្រុសនោះជាន់ហ្ការជ្រុលល្បឿននិងយកចង្កូតមិនទាន់ ហើយឱនក្បាលមិនផុត បណ្តាលឱ្យក្បាលបុកនឹងរនូតផ្ទះបែកស្លាប់ភ្លាមៗមួយរំពេច ។
លោកអធិការបានបន្តថា នេះគឺជាកំហុសឪពុក ដែលមិនគួរប្រើក្មេងក្រោមអាយុ១៨ឆ្នាំឱ្យបើករថយន្តបែបនេះឡើយ ហើយបើទោះបីម៉ូតូក៏មិនទាន់គ្រប់អាយុឱ្យបើកបរដែរ ។ ក្មេងប្រុសនេះ នាពេលកន្លងមកក៏ធ្លាប់បើករថយន្តដឹកទឹកលក់ដែរ ពេលឪពុកមិននៅ ។ សពក្មេងប្រុស ត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រេង និងអាឡោះអាល័យបំផុត ៕
ចែករំលែកព័តមាននេះ