រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនិង៣នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តកុងតឺន័របើកបរចុះស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើតហើយដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៨ កញ្ញា ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តកុងតឺន័រ ពណ៌សរបស់ក្រុមហ៊ុនមួយបើកបរឆ្លងស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើតលុះដល់ពេលចុះស្ពានរថយន្តបានដាច់ហ្វ្រាំងជាន់មិនស៊ីក៏ជ្រុលល្បឿនបុករះម៉ូតូ៣គ្រឿងរងការខូចខាតនិងបណ្តាលឱ្យអ្នកជិះម៉ូតូម្នាក់ត្រូវរថយន្តកិនស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័មបំផុត ចំណែក៣នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ សហការជាមួយនគរបាលចរាចរខណ្ឌមានជ័យបានឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រឈ្មោះលឹម នឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ទាំងមនុស្សនិងរថយន្តរួមជាមួយម៉ូតូ៣គ្រឿងផងដែរ ។ សូមរំលឹកថាគិតពីថ្ងៃទី១ដល់ថ្ងៃទី ១៨ កញ្ញានេះនៅចំណុចត្រើយខាងកើតស្ពានព្រះមុនីវង្សមានករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចំនួន៣លើកបានកើតឡើងដែលសុទ្ធសឹងតែបណ្តាលមកពីដាច់ហ្វ្រាំង ។
តាមឈ្មោះលឹម នឿន បាននិយាយឱ្យដឹងថា ខ្លួនបានដឹងថា ពេលដឹងថារថយន្តដាច់ហ្វ្រាំងរូបគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់នៅចំពោះមុខ ព្រោះមានមនុស្សម្នាច្រើនកំពុងធ្វើចរាចរណ៍ ពេលនោះរូបគេបង្ខំចិត្តបើកបុកខឿនថ្មសួនច្បារចែកផ្លូវនៅចំកណ្តាលផ្លូវជាតិលេខ១ ត្រើយខាងកើតស្ពានព្រះមុនីវង្សក៏បណ្តាលឱ្យបុករះអ្នកដំណើរខូចខាតម៉ូតូ៣គ្រឿង ស្លាប់មនុស្សម្នាក់ របួស៣នាក់ជាបន្តបន្ទាប់ ។អ្នកស្លាប់ក្នុងហេតុការណ៍ខាងលើនេះឈ្មោះសុខ សំណាង ភេទប្រុស ជានិស្សិត ស្នាក់នៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌមានជ័យ៕
ចែករំលែកព័តមាននេះ