ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា នៅភូមិសេកជ្រំ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ មានរៀបចំពិធីដាំកូនឈើព្រៃលិចទឹកដើម្បីអភិរក្សជីវចម្រុះនិងធនធានធម្មជាតិ មច្ឆជាតិនៅបឹងខ្វាង ដោយមានការអញ្ជើញចូលរួមពីលោកសួស សារិទ្ធ អភិបាលរងស្រុកកំពង់រោទ៍ លោកភោគ សុផា មេឃុំស្វាយតាយាន កញ្ញាវ៉ែន វាសនា នាយិកាអង្គការពន្លឺមនុស្សជាតិ (HBO) ព្រមទាំងមន្ត្រីជលផល អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ សរុបជិត១០០នាក់ ។
កញ្ញាវ៉ែន វាសនា នាយិកាអង្គការពន្លឺមនុស្សជាតិមានប្រសាសន៍ថា អង្គការពន្លឺមនុស្សជាតិបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ដោយរៀបចំសហគមន៍ការពារនិងអភិរក្សជីវចម្រុះ និងកសិកម្មចម្រុះប្រកបដោយនិរន្តរភាព ។ អង្គការ HBO ដែលបានការឧបត្ថម្ភគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ(UNDP) គាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងកសិកម្ម និងបម្រែបម្រួលអាកាសធាតុនៅឃុំស្វាយតាយាន ដែលមានចំនួន៤ភូមិ គឺភូមិរាមជោ ភូមិសេកជ្រំ ភូមិត្រពាំងត្រាច និងភូមិព្រៃស្ទៀង ចាប់ពីឆ្នាំ២០១១ រហូតមក ។ គោលបំណងគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវធនធានជីវចម្រុះ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងឱ្យប្រជាពលរដ្ឋបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុដែលកំពុងជះឥទ្ធិពលអាក្រក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ អង្គការHBOបាននិងកំពុងជួយប្រជាពលរដ្ឋលើសកម្មភាពជាច្រើនដូចជា ការចងក្រងជាសហគមន៍ការពារនិងអភិរក្សបឹងធម្មជាតិនូវជីវចម្រុះ មច្ឆជាតិដោយសហការជាមួយខណ្ឌនិងផ្នែករដ្ឋបាលជលផល បង្កើតក្រុមជួយខ្លួនឯងដែលមានសមាជិក១២០គ្រួសារ ដោយគាំទ្រដើមទុនចំនួន៥.៨១១ដុល្លារសម្រាប់សមាជិកខ្ចីបង្កើតមុខរបរ ផ្តល់ជំនាញកសិកម្មចម្រុះ«ស្រូវ បន្លែ ចិញ្ចឹមសត្វមាន់ ត្រី»។ ផ្សព្វផ្សាយពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ។ ចំពោះពិធីដាំកូនឈើនៅបឹងខ្វាងនេះ អង្គការ HBO បានផ្តល់កូនឈើព្រៃលិចទឹកចំនួន១០.០០០ដើមក្នុងនោះមានកូនស្មាច់ទឹកចំនួន៩.៣០០ដើម និងកូនរាំងទឹកចំនួន៧០០ដើម ហើយអាជ្ញាធរឃុំ ស្រុកនិងសហគមន៍ការពារជីវចម្រុះបឹងខ្វាង បានចូលរួមបដិភាគកូនស្មាច់ទឹកចំនួន៥.០០០ដើម សរុបដើមស្មាច់ទឹកចំនួន១៤.៣០០ដើម រាំងទឹកចំនួន៧០០ដើម ដាំនៅលើផ្ទៃដីបឹងទំហំ៣ហិកតា។
លោកសួស សារិទ្ធ បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) និងអង្គការពន្លឺមនុស្សជាតិ (HBO) ដែលគាំទ្រគម្រោងអភិវឌ្ឍន៍ជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងការបង្កើតសហគមន៍ការពារនិងអភិវឌ្ឍន៍បឹងធម្មជាតិបឹងខ្វាងនេះ ។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនិងគណៈកម្មការសហគមន៍ ក្រោយពីដាំកូនឈើព្រៃលិចទឹកនេះរួចហើយ ត្រូវសហការចូលរួមថែរក្សាការពារមិនត្រូវលែងគោ-ក្របី ឬក៏បំផ្លាញកូនឈើនោះទេ ។ ដើមឈើព្រៃលិចទឹកគឺជាជម្រកមច្ឆជាតិ និងជីវចម្រុះ ហើយការបង្កើនជីវចម្រុះនៅក្នុងបឹងឡើងវិញ នឹងអាចកាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ ៕
ចែករំលែកព័តមាននេះ