រាជធានីភ្នំពេញ ៖ កម្មករនៅក្នុងការដ្ឋានសំណង់អគារកម្ពស់១៨ជាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ចំនួន៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការបាក់របងថ្មជាប់នឹងការដ្ឋានសំណង់ ខណៈពេលដែលកម្មករកំពុងធ្វើការ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ កញ្ញា ។
លោកយស វណ្ណា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ ចំការមន បានឱ្យដឹងថា ការបាក់របងរលំសង្កត់កម្មករឱ្យរងរបួសនេះ គឺដោយសារការដ្ឋានសាងសង់ពុំត្រូវតាមបទដ្ឋានបច្ចេកទេស ។
គួរបញ្ជាក់ផងដែរថា ពេលដែលមានរបងបាក់សង្កត់កម្មករក្នុងអគារនេះបានបង្កឱ្យមានភាពចលាចល និងនិយាយពីមាត់មួយទៅមាត់មួយថា អគារខ្ពស់ក្នុងរាជធានីភ្នំពេញបាក់សង្កត់កម្មករ តែផ្ទុយទៅវិញអគារនេះទើបតែសាងសង់ប៉ុណ្ណោះក្នុងគម្រោងគឺមានកម្ពស់១៨ជាន់ ។ ចំពោះហេតុការណ៍ដែលបាក់សង្កត់កម្មករនេះគឺបណ្តាលមកពីកម្មករឈូសឆាយស្ទើរភ្លើងប្រើគ្រឿងចក្រទៅប៉ះរុញបុករបងថ្មនោះតែប៉ុណ្ណោះ ទើបបណ្តាលឱ្យបាក់ ។ ដូច្នេះការលេចឮថាបាក់អគារនោះជាពាក្យចចាមអារ៉ាមមិនមែនជាការពិតទេ។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញកម្មករក្នុងការដ្ឋានសំណង់អគារកម្ពស់១៨ជាន់ជីកដីដើម្បីចាក់គ្រឹះ ។ ខណៈពេលឈូសឆាយដល់របងដែលនៅជាប់ការដ្ឋាន ស្រាប់តែគ្រឿងចក្របានប៉ះរបងថ្មបណ្តាលឱ្យបាក់មួយផ្ទាំងប្រវែងជាង១០ម៉ែត្រសង្កត់ទៅលើកម្មករដែលកំពុងតែចងដែកចាក់ក្រវាត់គ្រឹះនៅខាងក្រោម បណ្តាលឱ្យរបួសធ្ងន់៣នាក់ និងស្រាលម្នាក់ ព្រមទាំងបណ្តាលឱ្យមានការភ្ញាក់ផ្អើលឈុលឡើងក្លាយជាពាក្យចចាមអារ៉ាមផ្តេសផ្តាស់ ៕
ចែករំលែកព័តមាននេះ