រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តCR-Vពណ៌ស្លែ បើកបុក កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៧ កញ្ញា តាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។បុរសរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឈ្មោះគង់ រិទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
មុនពេលកើតហេតុឈ្មោះគង់ រិទ្ធី ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកែងផ្លូវមុនីរ៉េតក៏បុកគ្នាជាមួយរថយន្តCR-Vពណ៌ស្លែ បើកបរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត បណ្តាលឱ្យម៉ូតូខ្ទាតចេញពីមុខរថយន្តប្រមាណ១០ម៉ែត្រ ធ្វើឱ្យអ្នកជិះម៉ូតូឈ្មោះគង់ រិទ្ធី បាក់ជើងស្តាំម្ខាង ។ ក្រោយហេតុការណ៍កើតឡើងអ្នកបើករថយន្តCR-Vមានបំណងបើករថយន្តរត់គេចមិនទទួលខុសត្រូវ ប៉ុន្តែត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ជាប់ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាល ការិយាល័យជំនាញបានចុះវាស់វែងនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ