រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ កញ្ញា ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូអមដំណើរ នឹង និវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីសម្តេចបានដឹកនំាគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយក្រុមអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) លើកទី៣៣ នៅទីក្រុងឡាំងប៊ុក ប្រទេសឥណ្ឌូណេស៊ី នោះរួចមក ។
បន្ទាប់ពីបានអញ្ជើញទៅដល់ទីក្រុងឡាំប៊ុក ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពកាលពីថ្ងៃម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង គណៈប្រតិភូបានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៣ ដែលក្នុងឱកាសនោះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថាក្នុងនាមជាប្រធានអាស៊ានស្តីពីសេដ្ឋកិច្ច សន្តិសុខ ស្បៀង កិច្ចសហ ប្រតិ បត្តិការ និងភាពឆ្ពោះទៅកាន់សហគមន៍អាស៊ានឆ្នាំ២០១៥ ។
គួរបញ្ជាក់ដែរថា វត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ចើញដោយលោកម៉ាហ៊្សូគី អាលី ប្រធានរដ្ឋសភាឥណ្ឌូណេ ស៊ី និងជាប្រធានអាយប៉ា ។ មហាសន្និបាតលើកទី៣៣ នៃអន្តរសភាអាស៊ាន (AIPA) នឹងពិភាក្សាលើប្រធានបទ «ពង្រឹងតួនាទី ក្នុងដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥» ។
គួររំលឹកថា មហាសន្និបាតអន្តរសភាអាស៊ាន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៧ ហើយបានប្រារព្ធ ធ្វើលើកដំបូងកាល ពីថ្ងៃ ទី២៧ កញ្ញា ១៩៧៧ នៅប្រទេសសិង្ហបុរី ។ ក្រោយមកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ត្រូវបានមេដឹក នំាអា ស៊ានឯក ភាពគ្នាឲ្យមានការរៀបចំរៀងរាល់១ឆ្នាំម្តង តាមលំដាប់អក្ខរក្រមនៃប្រទេសដែលជាសមាជិកអាស៊ាន ។ បន្ទាប់ពីឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះនៅឆ្នាំ២០១២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៤ នឹងដល់វេនប្រទេសឡាវជាម្ចាស់ផ្ទះវិញម្តង ៕
ចែករំលែកព័តមាននេះ