កីឡាករហ្វាំងឡង់យ៉ារី ម៉ាតទី ឡាតវ៉ាឡា(Jari-Matti Latvala)សម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានឈ្នះជើងឯកប្រណាំងរថយន្តប្រភេទរែលលីកម្មវិធី WRC Great Britainដែលបានបញ្ចប់កាលពីថ្ងអាទិត្យទី១៦ខែកញ្ញាកន្លងមកនេះ។ ការប្រណាំងនេះត្រូវបានបញ្ចប់នៅក្រុង Cardiff ចក្រភពអង់គ្លេស ។
ឡាតវ៉ាលឡាបានបើករថយន្ត Fordរបស់ខ្លួនចូលដល់ទីព្រ័ត្រក្នុងថិរវេលា៣ម៉ោង៣នាទីនិង៤០.៣វិនាទីយកឈ្នះកីឡាករបារាំងសេបាស្ទៀន ឡូអែបរបស់ក្រុម Citroenដែលប្រើអស់ថិរវេលាច្រើនជាង ២៧.៨វិនាទី ។ កីឡាករស៊ុយអែតភីធ័រ ស៊ុលបឺកបើកបរឱ្យក្រុម Solberg Citroenបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៣បន្ទាប់ពីបានប្រើពេលច្រើនជាងឡាតវ៉ាលឡា២៨.៧វិនាទី។
ឡាតវ៉ាលឡាបាននិយាយថា៖«ខ្ញុំបើកបរបានល្អក្នុងថ្ងៃនេះ។ កីឡាករដទៃនៅពីក្រោយខ្ញុំនៅពេលដែលខ្ញុំកំពុងបោះពួយសំដៅគោលដៅព្រ័ត្រ »។
កីឡាករបារាំងសេបាស្ទៀន អូហ្ស៊ីយ៉េបញ្ចប់ការប្រណាំងដណ្តើមបានចំណាត់ថ្នាក់លេខ១២ពោលគឺបន្ទាប់ពីប្រើអស់ថិរវេលាច្រើនជាងឡាតវ៉ាឡា ៩.៤៤វិនាទី ។ នៅលើតារាងជើងឯកពិភពលោកវិញ បន្ទាប់ពីបញ្ចប់ការប្រណាំងលើកនេះ ឡូអែបនៅតែរក្សាការនាំមុខជាដដែល ។ ឆ្លងកាត់ការប្រណាំងអស់១០ដំណាក់មកនេះ ឡូអែបសន្សំបាន ២១៩ពិន្ទុ នាំមុខកីឡាករហ្វាំងឡង់ Mikko Hirvonenមាន១៥៨ពិន្ទុ ។ ឯ Petter Solbergស្ថិតនៅលំដាប់ទី៣មាន ១១៩ពិន្ទុ ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តប្រភេទរែលលីសម្រាប់ឆ្នាំ២០១២នេះមាន១៣ដំណាក់កាល។ ដំណាក់ទី១ចាប់ផ្តើមកាលពីថ្ងៃទី១៧ដល់ថ្ងៃទី២២ខែមករាដើមឆ្នាំនៅប្រទេសបារាំង និងដំណាក់ចុងក្រោយបំផុតនឹងធ្វើនៅថ្ងៃទី០៨ដល់១១ខែវិច្ឆិកាខាងមុខនៅប្រទេសអេស្ប៉ាញ ។ ដោយឡែកការការប្រណាំងនៅប្រទេសសានម៉ារីណូនេះគឺស្ថិតនៅក្នុងដំណាក់ទី១០ ៕
ចែករំលែកព័តមាននេះ