ខេត្តកំពត ៖ នៅស្រុកបន្ទាយមាស ចាប់តាំងពីដើមរដូវវស្សាមក បានជួបនឹងគ្រោះរាំងស្ងួតដោយទឹកភ្លៀងអូសបន្លាយ បង្អុរមិនគ្រប់គ្រាន់ ធ្វើឱ្យប្រជាកសិករនៅក្នុងសហគមន៍កសិករ៨សហគមន៍រងការខូចខាតស្រូវដែលសាប និងស្ទូងហើយមួយចំនួន ។ បច្ចុប្បន្ន ស្រូវដែលនៅរស់ឆ្លងផុតពីការខូចខាតគឺបានដោយសារស្ថានីយទី៤៥របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បូមទាំងយប់ទាំងថ្ងៃ ដែលបានដកស្ទូងតាំងពីដើមរដូវជាច្រើនពាន់ហិកតា ។
ទោះបីជាស្រូវដែលបានបង្កបង្កើនផលពីដើមរដូវទទួលការសង្គ្រោះដោយម៉ាស៊ីនបូមទឹកបានមួយចំនួនក្តី ក៏សហគមន៍កសិករទាំង៨ក្នុងស្រុកបន្ទាយមាសពុំទាន់ទទួលបានទឹកស្រោចស្រពលើដីស្រែបង្កបង្កើនផលគ្រប់គ្រាន់នៅឡើយទេ ។ នេះបើតាមសេចក្តីរាយការណ៍របស់ការិយាល័យកសិកម្មស្រុក ។ នៅព្រឹកថ្ងៃទី១៥ កញ្ញា លោកខូយ ឃុនហ៊ួរ អភិបាលខេត្ត និងលោកជំទាវអ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាភរិយា រួមនឹងក្រុមការងាររបស់ខេត្ត និងស្រុក បានចុះពិនិត្យផ្ទាល់នូវសកម្មភាពបូមទឹកដាក់ស្រែ និងណែនាំដល់ប្រជាកសិករនៅក្នុងសហគមន៍នីមួយៗឱ្យច្នៃប្រឌិតយកម៉ាស៊ីនបូមទឹកបូមចេញពីប្រឡាយដែលស្ថានីយបូមបញ្ចូលមកតាមប្រឡាយធំ ។
ជាមួយនេះ លោកខូយ ឃុនហ៊ួរ និងលោកជំទាវ បាននាំយកអំណោយជាម៉ាស៊ីនបូមទឹក៨គ្រឿង គោយន្តសម្រាប់ភ្ជួរ៨គ្រឿង ស្រូវពូជចំនួន៣តោន រទេះពង្រោះស្រូវ៣គ្រឿងសម្រាប់ធ្វើស្រែបង្ហាញ និងប្រាក់ផ្ទាល់របស់លោក និងលោកជំទាវ ចំនួន១លាន៨០ម៉ឺនរៀលដើម្បីជួយស្តារប្រឡាយបន្ថែមសម្រាប់នាំទឹកទៅស្រោចស្រពឱ្យបានគ្រប់ស្រែដែលមិនទាន់ស្ទូង ។
លោកខូយ ឃុនហ៊ួរ បានមានមតិសំណេះសំណាលជាមួយប្រជាកសិករឱ្យខិតខំប្រឹងប្រែងច្នៃប្រឌិតបូមទឹកដាក់ស្រែដើម្បីបង្កបង្កើនផលឱ្យអស់ពីលទ្ធភាព ហើយស្រូវពូជ ម៉ាស៊ីនបូមទឹក និងគោយន្តដែលលោកជួយឧបត្ថម្ភនាពេលនេះគឺយើងប្រើប្រាស់ក្នុងសហគមន៍កសិករទាំង៨និងត្រូវជួយថែរក្សាឱ្យបានគង់វង្សល្អ សម្រាប់បម្រើការងារបង្កបង្កើនផលក្នុងសហគមន៍របស់បងប្អូន ។ លោកបន្តថា ក្នុងនាមអាជ្ញាធរខេត្តក៏ដូចជាគណបក្សប្រជាជនកម្ពុជាខេត្ត នឹងពុះពារជួយឧបត្ថម្ភជានិច្ច្រាល់ទុក្ខលំបាករបស់បងប្អូនគឺរដ្ឋាភិបាលយើងមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ស្បៀងឡើយ ៕
ចែករំលែកព័តមាននេះ