នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រដូវបុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់ហើយប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាតែងនិយាយពីមួយទៅមួយពីរឿងបុណ្យភ្ជុំបិណ្ឌនេះ ហាក់ដូចជារង់ចាំថ្ងៃពិសេសនេះចូលមកដល់ឆាប់ៗដើម្បីចូលរួមដោយទឹកចិត្តជ្រះថ្លា។ បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចំរើនយ៉ាងសម្បើម និងមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ គួរតែមនុស្សលះបង់ជំនឿកម្មផលចោលហើយ ងាកទៅរកបច្ចេកវិទ្យាថ្មីដែលមើលឃើញជាក់ស្តែង ប៉ុន្តែមិនដូច្នោះទេ មនុស្សនៅតែមានជំនឿលើកម្មផល បុណ្យបាប អាក្រក់ល្អដ៏លើសលប់គឺមានន័យថា បច្ចេកវិទ្យាកាន់តែខ្ពស់ជំនឿលើកម្មផលកាន់តែកើនឡើងទ្វេ។
ដើម្បីឆ្លើយតបនឹងអំណះអំណាងខាងលើ ក្នុងនាមជាពុទ្ធសាសនិកមួយរូបសូមលើកយក បុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យមួយមានរយៈពេល១៥ថ្ងៃ ដើម្បីស្វែងយល់ពីចំណុចស្នូលដែលបណ្តាលចិត្តមនុស្សឱ្យស្រលាញ់ព្រះពុទ្ធសាសនា។ តើមានហេតុផលអ្វីខ្លះ ដែលបណ្តាលឱ្យមនុស្សចាប់អារម្មណ៍លើបុណ្យភ្ជុំបិណ្ឌជាងគេ? ចំណុច៣ដែលបង្ហាញពីបញ្ហានេះគឺ១-បុណ្យនេះមានរយៈពេលវែងជាហេតុឱ្យប្រជាពលរដ្ឋពិសេសមន្ត្រីបុគ្គលិកបំរើការងារគ្រប់ស្ថាប័នមានឱកាសធ្វើបាន, ២-ជាប់ទាក់ទងនឹងរឿងប្រេត មានបោះបាយបិណ្ឌឱ្យពួកប្រេតស៊ីជាដើម, ៣-យល់ថា បានបុណ្យច្រើន ព្រោះជាទានសង្គ្រោះព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។
ភ្ជុំបិណ្ឌជាបុណ្យមួយដែលរួមបណ្តុំបុណ្យមួយចំនួនដូចជា ដង្ហែទៀនព្រះវស្សា ចូលព្រះវស្សា ចេញព្រះវស្សា និងបុណ្យកឋិនទាន ហើយក្នុងចន្លោះរដូវកាលនោះក៏មានបុណ្យជាតិខ្លះទៀតផងដែរ។ បុណ្យភ្ជុំបិណ្ឌនេះបើយោងតាមមតិអាចារ្យជំនាន់ក្រោយពុទ្ធកាលយល់ថា ការប្រារព្ធបុណ្យនេះ ព្រោះមានរឿងនៅគម្ពីរបេតវត្ថុ គម្ពីរវិទ្យាធម៌ និងនៅក្នុងគម្ពីរធម្មបទជាដើមដែលមានរឿងរ៉ាវប្រេតជាញាតិរបស់ព្រះបាទពិម្ពិសារ រឿងព្រះមោគ្គលាន អគ្គសាវ័កឆ្វេងរបស់ព្រះ បាននិមន្តទៅទស្សនាឋាននរកប្រេត ហើយពួកនរកប្រេតទាំងនោះបានផ្តាំមកញាតិសន្តានកូនចៅឱ្យធ្វើបុណ្យទៅឱ្យ កុំឱ្យញាតិទាំងនោះធ្វើអំពើអាក្រក់ ឱ្យប្រព្រឹត្តតែអំពើជាកុសល ព្រោះខ្លួនមកកើតនៅក្នុងឋាននរកប្រេតនេះជួបក្តីទុក្ខក្រៃពេកណាស់មិនអាចប្រៀបធៀបបានប្រមាណត្រូវឡើយ។ ហេតុនោះហើយទើបអ្នកប្រាជ្ញពុទ្ធសាសនាកំណត់កាន់បិណ្ឌពីថ្ងៃទី១រោច ខែភទ្របទដល់ថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបង្ហើយ ដែលនេះជាទំនៀមទំលាប់មួយរបស់អរិយជនខ្មែរ។
រឿងបុណ្យភ្ជុំបិណ្ឌនេះ បើតាមក្នុងសម័យពុទ្ធកាល មិនកំណត់ធ្វើពីថ្ងៃ១រោច ខែភទ្របទទៅដល់ថ្ងៃ១៥រោច តែ១៥ថ្ងៃប៉ុណ្ណោះទេ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌតាំងពីថ្ងៃចូលព្រះវស្សារហូតដល់ចេញវស្សាទើបឈប់ ហើយការកាន់បិណ្ឌនោះមិនមែនប្រគេនតែចង្ហាន់ និងភេសជ្ជៈប៉ុណ្ណោះទេ គឺទំនុកបំរុងបច្ច័យបួនមានត្រៃចីវរ សង់ទីសេនាសនៈ ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅជិតស្រុកភូមិរបស់ខ្លួនទៀត។ សូមបញ្ជាក់ថា ព្រះសង្ឃជំនាន់នោះមិនមែនចូលព្រះវស្សាបានតែក្នុងទីវត្តអារាមដូចសម័យនេះទេ ព្រះសង្ឃទាំងឡាយក្រោយបួសរួចតែងទៅប្រតិបត្តិធម៌ក្នុងព្រៃស្ងាត់(ស្វែងរកធម៌)។ លុះជិតចូលវស្សា ព្រះសង្ឃអង្គខ្លះក៏និមន្តមកវត្តអារាមវិញ អង្គខ្លះស្វែងរកកន្លែងដ៏សមគួរណាមួយដល់ការប្រតិបតិ្តធម៌ផង និងបច្ច័យបួនញ៉ាំងសរីរយន្តឱ្យប្រព្រឹត្តទៅផង ហើយកំណត់ដែនសីមានោះដើម្បីចូលវស្សា ទំនុកបំរុងអាហារបិណ្ឌបាតមានចង្ហាន់ដែលលោកឆាន់ប្រចាំថ្ងៃមិនឱ្យខ្វះកន្លះ និងថ្នាំសង្កូវសំរាប់ព្យាបាលរោគ។នៅក្នុងគម្ពីរធម្មបទ មានរឿងព្រះសម្ពុទ្ធ និងភិក្ខុសង្ឃជាច្រើនអង្គគង់ចាំវស្សា ហើយមានពុទ្ធបរិស័ទឧបត្ថម្ភផ្គត់ផ្គង់បច្ច័យបួនអស់ត្រីមាសគ្រាន់តែប្រើពាក្យវប្បធម៌ផ្សេងគ្នា ព្រោះក្នុងសម័យពុទ្ធកាលមិនមានពាក្យថា ភ្ជុំបិណ្ឌដូចសព្វថ្ងៃនេះទេ គឺមានតែពាក្យថា បវារណាបច្ច័យបួន ឬទំនុកបំរុងបច្ច័យបួនវិញ។ ដូច្នេះពាក្យថា បវារណាឬទំនុកបំរុងបច្ច័យបួន និងពាក្យថា ភ្ជុំបិណ្ឌមានន័យតែមួយគឺ សុទ្ធតែក្នុងគោលបំណងជួយសង្គ្រោះព្រះសង្ឃក្នុងរដូវវស្សាដូចគ្នា។
ទាក់ទងនឹងរឿងបុណ្យភ្ជុំបិណ្ឌខាងលើ តាមអាចារ្យជំនាន់ដើមជាអ្នកឈ្លាសវៃខាងទ្រឹស្តីព្រះពុទ្ធសាសនាបានបញ្ចេញទស្សនៈទុកមកថា ដល់ថ្ងៃភ្ជុំបិណ្ឌហើយ បើពួកញាតិសន្តានកូនចៅមិនយកចង្ហាន់ទៅវត្តទេ ពេលពួកប្រេតដើររកស៊ើបអង្កេតគ្រប់ប្រាំពីរវត្តហើយក៏នៅមិនឃើញទៀតនោះ ពួកប្រេត(អ្នកស្លាប់) ដាក់បណ្តាសាដោយពាក្យអាក្រក់បំផុត តែបើបានឃើញកូនចៅញាតិសន្តានទៅវត្តធ្វើបុណ្យភ្ជុំបិណ្ឌហើយតែងឱ្យពរជ័យសព្ទសាធុការ រកស៊ីមានបានចំរុងចំរើន ត្រជាក់ត្រជំ សុខដុមរមនា មានសិរីសួស្តី អាយុយឺនយូរ បានសុខពីលោកនេះរហូតបរលោក។ ទោះបីជាទស្សនៈនេះកន្លងពីទ្រឹស្តីពុទ្ធសាសនាខ្លះមែន តែជាការបង្ហាញសុច្ឆន្ទៈដ៏វិសេសថ្លៃថ្លាណាស់ ដោយលោកខ្លាចកូនចៅជំនាន់ក្រោយភ្លេចវត្តអារាមទៅជាមនុស្សមិនស្គាល់បាប បុណ្យ គុណ ទោស អាក្រក់ ល្អ ដោយហេតុថា សាសនានេះហើយជាឫសគល់នៃវប្បធម៌ បើមនុស្សវៀរសាសនា វត្តអារាម ដូចភ្លេចអត្តសញ្ញាណរបស់ខ្លួនដូច្នេះដែរដូចពាក្យលោកលើកឡើងថា «សាសនារលត់ជាតិរលាយ»ព្រោះសាសនាជាមូលដ្ឋាននៃសេចក្តីល្អរបស់មនុស្ស ។ សូម្បីតែក្សត្រក៏មានធម៌គ្រប់គ្រងតាមលំនាំគន្លងនៃព្រះពុទ្ធសាសនាដែរ ដូចជានៅក្នុងទសពិធរាជធម៌ជាដើម។ ហេតុនោះហើយទើបអ្នកប្រាជ្ញខាងសាសនាទាំងឡាយខិតខំសិក្សាស្រាវជ្រាវរកទ្រឹស្តីល្អៗដែលមានតំលៃដល់ជាតិ ដល់សាសនាដើម្បីសុខសន្តិភាពក្នុងសង្គម។ (នៅមានត)
ចែករំលែកព័តមាននេះ