រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៣ នៅទីក្រុងឡាំងប៊ុក ប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ កញ្ញា ២០១២ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានអញ្ចើញដោយលោកម៉ាហ៊្សូគី អាលី ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងជាប្រធានអាយប៉ា (AIPA) សម្តេចបានអញ្ជើញចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ កញ្ញា ២០១២ ដើម្បីថ្លែងសុន្ទរកថាក្នុងនាមជាប្រធានអាស៊ានស្តីពីសេដ្ឋកិច្ច សន្តិសុខ ស្បៀង កិច្ចសហប្រតិបត្តិការ និងភាពឆ្ពោះទៅកាន់សហគមន៍អាស៊ានឆ្នាំ២០១៥ ។ បន្ទាប់មកសម្តេចនាយករដ្ឋមន្ត្រីនឹងវិលត្រឡប់វិញ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ កញ្ញា ២០១២ ។
មហាសន្និបាតលើកទី៣៣ នៃអន្តរសភាអាស៊ាន (AIPA) នឹងពិភាក្សាលើប្រធានបទ «ពង្រឹងតួនាទីក្នុងដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥» ។ មហាសន្និបាតអន្តរជាតិសភាអាស៊ានតែងតែធ្វើឡើងដោយលក្ខណៈវិលជុំរៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃប្រទេសដែលជាសមាជិកអាស៊ាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ