ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលរស់នៅក្បែរខាង ហើយបានលួចស្រឡាញ់ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់គេ បានឆក់ឱកាសបង្ហាញបេះដូងរបស់ខ្លួនចំពោះស្ត្រីរូបនោះពេលឃើញនាងកំពុងតែឈានទៅរកការបែកបាក់ជាមួយប្តី តែនាងមិនទាន់បានលែងលះរួចរាល់នៅឡើយទេ ។ បុរសរូបនេះក៏បានព្យាយាមសុំស្នេហ៍នាង តែនាងបានបដិសេធការសុំស្នេហ៍នេះ ។ ដោយសុំស្នេហ៍មិនបានក៏តូចចិត្តផឹកថ្នាំសម្រាប់បណ្តុះដើមរុក្ខជាតិអស់ជាច្រើនដើម្បីប៉ងបញ្ចប់ជីវិត តែត្រូវមេភូមិ និងមេក្រុមព្រមទាំងបងប្អូនប្រជាពលរដ្ឋជិតខាងឃើញទាន់ ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ កញ្ញា ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ បុរសនេះឈ្មោះ ម៉ី ណូយ អាយុ៣៤ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិព្រែក ឃុំអមលាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សព្វថ្ងៃរស់នៅជាមួយមេភូមិអូរប្រើសឈ្មោះ សា មួន ។
លោកសា មួន មេភូមិអូរប្រើសបានឱ្យដឹងថា បុរសម្នាក់នេះបានមករស់នៅជាមួយនឹងគាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែពេលនេះគាត់ចង់បានប្រពន្ធ ហើយក៏បានលួចស្រឡាញ់ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់គេដែលរស់នៅក្បែរផ្ទះរបស់លោកដែរ ។ ប្រភពបន្តទៀតថា ដោយឃើញគ្រួសារគេនោះរស់នៅ មិនចុះសម្រុងគ្នា តែងឈ្លោះគ្នារាល់ព្រឹកល្ងាច ទើបបុរសដែលផឹកថ្នាំនេះបានទៅសុំស្នេហ៍ និងផ្តល់សុភមង្គលឱ្យនាងបើសិនជានាងបែកបាក់ជាមួយប្តីនោះ ។ ទោះបីជាបែបណា ក្រោយមកទៀតប្តីប្រពន្ធគេក៏ត្រូវគ្នាវិញ ហើយនាងបានបដិសេធមិនព្រមស្រឡាញ់គាត់ទេ ។ លោកមេភូមិបន្តថា សម្រាប់រូបលោកវិញទើបតែរៀបការកូន២នាក់រួចថ្មីៗ មិនទាន់មានប្រាក់ដើម្បីរៀបចំរកគូស្រករឱ្យបុរសអភ័ព្វស្នេហ៍នេះនៅឡើយទេ គាត់ក៏បានសុំអង្វរឱ្យរង់ចាំបន្តិចសិន ម្យ៉ាងទៀតស្ត្រីម្នាក់នោះមិនទាន់លែងលះគ្នាដាច់ស្រេចជាមួយប្តីរបស់គេផង ។ លោកមិនដឹងថា ការមានស្នេហារបស់គេនេះវាមានទំហំធំធេងបែបណានោះទេ ក្រោយមកបុរសម្នាក់នេះបានខូចចិត្តគិតតែដើរទៅផឹកស្រា២យប់២ថ្ងៃមិនគិតពីបាយទឹកទាល់តែសោះ ។
លោកមេភូមិបន្តថា សមាជិកភូមិរបស់លោក៥ទៅ៦នាក់ក៏បានតាមអង្វរកុំឱ្យគាត់ផឹកស្រាច្រើនពេក តែគេនៅតែមិនព្រមស្តាប់ ហើយក៏ដើររកថ្នាំពុលបាញ់ស្មៅបម្រុងនឹងផឹកសម្លាប់ខ្លួនទៀត តែគាត់និងកូនៗបាននាំគ្នាយកទៅលាក់ទុកអស់ ។ ក្រោយមកទៀតនៅថ្ងៃកើតហេតុ ស្ត្រីដែលបុរសម្នាក់នេះស្រឡាញ់ងប់ងុលបានមកលេងផ្ទះរបស់គាត់ជាមួយនឹងស្ត្រីវ័យចំណាស់ម្នាក់ និងបាននិយាយលេងជាមួយបុរសអភ័ព្វនេះ ។ ដោយគាត់ខូចចិត្តត្បិតការសុំស្នេហ៍បរាជ័យ ក៏រត់ទៅរកថ្នាំពុលផឹក ហើយត្រូវបានស្ត្រីដែលគាត់ស្រឡាញ់ និងស្ត្រីវ័យចំណាស់ម្នាក់ទៀតបានចាប់គាត់ចងនឹងខ្សែអង្រឹងជាប់នៅនឹងសសរផ្ទះមិនឱ្យចេញទៅរកថ្នាំពុលផឹកសម្លាប់ខ្លួនទេ។ លោកមេភូមិបានបន្តទៀតថា បន្ទាប់ពីនោះមក គាត់មានចេតនាឱ្យស្រាយខ្សែចេញ តែស្ត្រីដែលបុរសនេះស្រឡាញ់មិនព្រមឱ្យស្រាយទេ ខ្លាចក្រែងរត់ទៅផឹកថ្នាំសម្លាប់ខ្លួន ទើបក្រោយមកទៀតបុរសរូបនេះបានរើរួចដោយខ្លួនឯងរបូតពីចំណង ។ ពេលនោះគាត់ក៏ឱ្យមនុស្សមានគ្នា៣ទៅ៤នាក់ចាប់ឃាត់ខ្លួនមិនឱ្យបុរសម្នាក់នេះរត់ទៅណាទេ តែចាប់មិនជាប់ក៏រត់ទៅផឹកថ្នាំពុលទាល់តែបាន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យបានជួយសង្គ្រោះដោយឱ្យដេកលើគ្រែ ហើយរុញមកដាក់នៅកណ្តាលវាល រួចបូមទឹកបញ្ចូលក្នុងក្រពះដើម្បីលាង ។ ពេលទឹកចេញមកវិញតាមមាត់គេធំក្លិនថ្នាំពុលស្ទើរទ្រាំមិនបាន ។ តាមពិនិត្យមើល ពេទ្យបញ្ចូលទឹកច្រើនលីត្រធ្វើឱ្យគាត់ចំតិតចំតូងក្អួតទឹកតាមមាត់មកវិញ សឹងថាបើបានរស់វិញមែន ថ្ងៃក្រោយរាងចាលមួយជីវិត ៕
ចែករំលែកព័តមាននេះ