ខេត្តតាកែវ ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីមកពីទីជិតឆ្ងាយ បាននាំគ្នាពពាក់ពពូនមកសុំទឹកមន្តពីដើមផ្សិតចម្លែកយកទៅទទួលទាន ដើម្បីព្យាបាលជំងឺតម្កាត់ផ្សេងៗទៅតាមជំនឿរបស់ពួកគេ ខណៈពេលដែលអ្នកខ្លះឈឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ និងមិនជាសះស្បើយសោះ បានអះអាងថា នៅពេលទៅសុំទឹកមន្តពីដើមផ្សិតចម្លែកនេះមកផឹករួច ស្រាប់តែជាសះស្បើយ ធ្វើឱ្យផ្អើលតៗគ្នាមកសុំយកទឹកមន្តជាបន្តបន្ទាប់មិនដាច់ ។
ជួបជាមួយកោះសន្តិភាព លោកណុប ធឿន អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះថន ម៉ាច អាយុ៤៥ឆ្នាំ មានកូន៤នាក់ រស់នៅភូមិព្រៃជាដុក ឃុំសំរោង ស្រុកត្រាំកក់ បាននិយាយរៀបរាប់ថា គាត់ជាអ្នករកស៊ីចាក់ធុងបាស់ ហើយប្រពន្ធរបស់គាត់មានជំងឺជាង១២ឆ្នាំមកហើយ ធ្លាប់ទៅព្យាបាលគ្រូខ្មែរ និងនៅមន្ទីរពេទ្យណាក៏មើលមិនជាឡើយ មិនដឹងថាសង្ឃឹមទៅលើអ្វីទេ ។ គាត់បាននិយាយដោយនឹកស្មានមិនដល់ថា ពេលដែលមានផ្សិតចម្លែកនេះដុះមកគាត់បានយកទឹកស្រោចលើផ្សិតនោះ រួចត្រងយកទឹកនេះទៅហូបរាល់ថ្ងៃ ស្រាប់តែជំងឺរ៉ាំរ៉ៃនោះបានជាសះស្បើយរហូតដល់ថ្ងៃនេះ ។
លោកណុប ធឿន បានបន្តទៀតថា ផ្សិតចម្លែកនេះមានចំនួន៧ដើម ដុះរីកប៉ុនចានទាបមកដល់ថ្ងៃទី១៦ កញ្ញា ផ្សិតនេះមានអាយុ១ខែ២ថ្ងៃហើយ ដែលមុនដំបូងដុះឡើងតែ១ដើមទេ នៅថ្ងៃសុក្រ ទី១៤ សីហា ដើមវាប៉ុនទៀន លុះ៧ថ្ងៃក្រោយមកនៅថ្ងៃសុក្រដដែល បានដុះ៦ដើមទៀត ដោយគ្រប់ដើមលើឆត្រវាមានក្បាច់រចនាថែមទៀតផង ។ គាត់និយាយថា មុនពេលដើមផ្សិតដុះមកនោះ គាត់បានសុបិនឃើញអ្នកមានបុណ្យចុះពីឋានលើមកជួយសង្គ្រោះមនុស្សលោក ហើយនៅពេលផ្សិតនេះដុះឡើងបានអាយុ១៨ថ្ងៃ ក៏មានអ្នកភូមិម្នាក់មកផ្ទះគាត់ខ្ចីធុងបាស់ ដោយជើងរបស់គាត់ខាងស្តាំហើមលឹប ។ បុរសនោះបានសួរគាត់ពីផ្សិតចម្លែកដុះក៏បានទៅទិញទឹកបរិសុទ្ធ១ដបមកបួងសួង និងចាក់ទឹកស្រោចពីលើផ្សិតរួចត្រងយកទៅផឹក លុះព្រឹកឡើងមកម្តងទៀត ស្រាប់តែជើងដែលហើមនោះបានស្រកអស់រលីង ។ ដំណឹងនេះបានដឹងដល់អ្នកជិតឆ្ងាយមកសុំទឹកមន្តជាបន្តបន្ទាប់ក្នុងមួយថ្ងៃៗមិនតិចជាងពី៦០ទៅ៨០នាក់ឡើយ ដោយបានយកទឹកបរិសុទ្ធមកស្រោចលើផ្សិតត្រងយកទឹកផឹកព្យាបាលជំងឺគ្រប់ៗគ្នា ហើយផ្សិតចម្លែកនេះបានពន្យល់សប្តិប្រាប់គាត់ថា នៅថ្ងៃទី៣០ តុលា ឆ្នាំ២០១២ រូបគេមានអាយុកាល៥០ឆ្នាំហើយ នឹងត្រឡប់ទៅកាន់ឋានលើវិញ ចុះមកជួយមនុស្សលោកបានតែប៉ុណ្ណឹង ។
ស្ត្រីម្នាក់ឈ្មោះមុម ហ៊ីម អាយុ៥៧ឆ្នាំ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ និយាយថា គាត់មានជំងឺឈឺក្នុងឆ្អឹងដៃខាងឆ្វេងជាង២០ឆ្នាំ មកហើយ បានដើរមើលគ្រូខ្មែរ និងគ្រូពេទ្យសព្វគ្រប់អស់ហើយ អត់ជាសោះ តែនៅពេលបានទទួលដំណឹងថាមានផ្សិតចម្លែកដុះអាចព្យាបាលជំងឺបាននោះ គាត់បានឱ្យកូនឌុបមកដោយយកទឹកបរិសុទ្ធមួយយួរឱ្យម្នាក់ស្រោចលើដើមផ្សិតនោះ និងត្រងទឹកយកទៅផឹក ។ គាត់និយាយថា នៅពេលផឹកទឹកបរិសុទ្ធនោះអស់មួយយួរអាការៈឈឺនៅក្នុងឆ្អឹងរបស់គាត់លែងចុករោយ លែងឈឺ រួចពេលនេះគាត់បានទិញទឹកសុទ្ធមួយយួរទៀត ដើម្បីសុំទឹកមន្តពីផ្សិតនេះយកទៅផឹក ឱ្យជាដាច់តែម្តង ។ គាត់និយាយថា អ្នកណាមិនជឿក៏ហីទៅ ជារឿងរបស់គេ ។
បាតុភូតចម្លែកនេះ ជារឿយៗតែងតែកើតមានឡើងជាបន្តបន្ទាប់ អ្នកខ្លះមិនជឿ និងខ្លះដែលមានជំនឿងប់ងុលក៏ជឿជាក់ថា វត្ថុចម្លែកដែលបានដុះមកលើផែនដីយើងនេះជាអ្នកជួយព្យាបាលជំងឺ និងប្រស់មនុស្សលោកយើងទៅវិញ ដូចជាករណីដើមផ្សិតខាងលើនេះ ត្រូវបានមនុស្សម្នាជិតឆ្ងាយដែលមានជំនឿជឿថា ជាវត្ថុស័ក្តិសិទ្ធិក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃ ដែលគ្រូពេទ្យឯទៀតព្យាបាលមិនបានជាសះស្បើយទៅវិញ និងអុជធូបបួងសួងសុំសេចក្តីសុខគ្រប់ៗគ្នាថែមទៀតផង ។ ទោះបីជាបែបណា ភាពស័ក្តិសិទ្ធិកម្រិតណានោះវាគ្រាន់តែជាការអួតអាងរបស់អ្នកមានជំនឿតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ