ខេត្តរតនគិរី ៖ សាលាដំបូងបានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធនឹងឃាតកម្មសម្លាប់អ្នកកាសែតវរជនខ្មែរនៅរសៀលថ្ងៃទី១៦ កញ្ញា ដើម្បីរង់ចាំការស៊ើបអង្កេតឈានដល់ការបើកសវនាការ ។
គួរឱ្យកត់សម្គាល់ថា អ្នកកាសែតវរជនខ្មែរ ម្នាក់ត្រូវបានឃាតករសម្លាប់កាលពីយប់ថ្ងៃទី៩ កញ្ញា កន្លងទៅ តែសាកសពត្រូវបានរកឃើញរយៈពេល៣ថ្ងៃ ក្រោយមក ដោយក្រុមជនដៃដល់យកសពទៅញាត់ចូលក្នុងរថយន្តបើកយកទៅប្លុងចោលកណ្តាលព្រៃចម្ការស្វាយចន្ទី ។ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនេះគឺបន្ទាប់ពីព្រះរាជអាជ្ញាបានឆែកឆេរលំនៅឋានមួយកន្លែងដែលបើកហាងផឹកស៊ីមានយីហោម្លប់ដូង ឬអ្នកខ្លះហៅថា ម្លប់ទឹកដោះ រកឃើញភស្តុតាងមួយចំនួន កាលពីថ្ងៃទី១៣ កញ្ញា និងរហូតមកដល់ថ្ងៃទី១៦ កញ្ញា ក៏ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យជាប្តីឈ្មោះ អ៊ាន ប៊ុនហេង ហៅ អេង ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ស៊ឹម វី ជាមេការស្ត្រីបម្រើការរត់តុនៅក្នុងហាងមកដល់សាលាដំបូងនៅវេលាម៉ោងជាង១១ព្រឹក ។
នៅមុខសាលាដំបូងខេត្ត និងមុខស្នងការដ្ឋានខេត្តដែលនៅទល់មុខគ្នានោះ គេសង្កេតឃើញក្រុមអ្នកយកព័ត៌មានជាច្រើនអង្គភាព និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះមានស្រីប្រុស ចាស់ ក្មេង ជាច្រើននាក់ឈរត្រៀបត្រាកកកុញនៅទីនោះ រួមទាំងប្រជាពលរដ្ឋក្នុងក្រុងបានលុងទាំងមូលផងដែរ រង់ចាំមើលមុខជនជាប់ចោទជាឃាតករសម្លាប់អ្នកកាសែត គឺលោក ហង្ស សេរីឧត្តម អ្នកឆ្លើយឆ្លងព័ត៌មានឱ្យកាសែតឈ្មោះវរជនខ្មែរ ។
ចំពោះសាច់ញាតិជនរងគ្រោះ គេសង្កេតឃើញម្តាយនិងប្រពន្ធជនរងគ្រោះដែលមានផ្ទៃពោះ៧ខែផងនោះ រួមទាំងបងប្អូនជាច្រើនទៀត បានស្រែកទ្រហោយំដង្ហើយហៅរកភាពយុត្តិធម៌ ចំពោះកូន និងប្តីដែលត្រូវសម្លាប់យ៉ាងព្រៃផ្សៃ ។
នៅចំពោះមុខសមត្ថកិច្ចគ្រប់ស្ថាប័នសាច់ញាតិជនរងគ្រោះសុំឱ្យជួយរកយុតិ្តធម៌ជូនពួកគាត់ផង ដោយជនរងគ្រោះត្រូវទទួលរងការសម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃបំផុត ។
នៅវេលាម៉ោង១១ព្រឹក សមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បាននាំខ្លួនជនសង្ស័យម្នាក់ម្តង ពីស្នងការមកសាលាដំបូងខេត្ត តាមរថយន្តប៉ាហ៊្សេរ៉ូ និងរថយន្តកាមរីដែលធ្វើឱ្យក្រុមអ្នកកាសែតពិបាកក្នុងការថតរូបភាព គឺបានតែថតរូបភាពពីចម្ងាយ ព្រោះនៅក្នុងបរិវេណស្នងការដ្ឋាន និងបរិវេណតុលាការមានការហាមឃាត់មិនឱ្យអ្នកកាសែតចូលយកព័ត៌មាននិងថតរូបឡើយ គឺថតម៉េចបានថតទៅ ។
ទាក់ទិននឹងការនាំខ្លួនជនសង្ស័យជាច្រើននាក់មកសាកសួរនោះ គឺត្រូវបានសមត្ថកិច្ចដោះលែងអស់ហើយ លើកលែងតែជនសង្ស័យពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ ដែលបន្តជាប់ឃុំ និងនាំខ្លួនមកកាន់តុលាការ ។ ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ គឺប្រពន្ធជនរងគ្រោះបានស្គាល់ឈ្មោះ និងលេខទូរស័ព្ទដែលទាក់ទងជនរងគ្រោះចុងក្រោយដែលណាត់ជួបគ្នា ។
តាមប្រពន្ធជនរងគ្រោះឱ្យដឹងថា មុនចេញទៅជួបគេនោះ ប្តីបានប្រាប់គាត់ជា ប្រពន្ធជាមុនផងដែរថា នរណាហៅ និងទៅណា ម៉្យាងទៀត ជនសង្ស័យពីររូបនោះជាម្ចាស់ផ្ទះដែរ ។
សមត្ថកិច្ចបានដាក់ការសង្ស័យ ហើយថែមទាំងឆែកឆេររុករកឃើញភស្តុតាងមួយចំនួនដូចជា កូនកាំបិត ប្រឡាក់ឈាម ស្បែកជើងជនរងគ្រោះនៅទីនោះ និងពូកមួយផ្ទាំងត្រាំទឹកចោលនៅចានដែក មានក្លិនស្អុយថែមទាំងសមាជិកនៅក្នុងនោះទាំងអស់បានរើរបស់របរដាក់ក្នុងរថយន្ត ដើម្បីជម្លៀសចេញ ស្របពេលឃាតកម្មបានកើតឡើងដែលធ្វើឱ្យសមត្ថកិច្ចក៏មានការសង្ស័យផងដែរ ។ ទោះជាយ៉ាងណា ជនសង្ស័យទាំង២នាក់នោះមិនព្រមសារភាពទេ តែសមត្ថកិច្ចបានបញ្ជូនខ្លួននិងសំណុំរឿងទៅសាលាដំបូង ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទៅតាមនីតិវិធី ។
ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនេះចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៤ កញ្ញា នោះ គឺការសួរចម្លើយអស់រយៈពេលជាច្រើនម៉ោងមកហើយដែរ។ ទោះជាមានសមត្ថកិច្ចជំនាញមកពីក្រសួងមហាផ្ទៃសាកសួរយ៉ាងណាក្តី ក៏ពុំមានប្រភពណាមួយពីប៉ូលិសថាជននោះបានឆ្លើយសារភាពនោះដែរ ។
លោកផែន ឌីណា នាយការិយាល័យកណ្តាលនគរបាលយុត្តិធម៌បាននិយាយថា ប៉ុលិសគ្មានបំណងហាមអ្នកកាសែតមិនឱ្យយកព័ត៌មាននោះទេ ប៉ុន្តែពុំមានអ្វីដែលត្រូវនិយាយបំភ្លឺទេ សូមរង់ចាំសួរព្រះរាជអាជ្ញា ជា សុភក្រ នាពេលក្រោយចុះ ព្រោះពេលនោះសមត្ថកិច្ចត្រូវការពារសុវត្ថិភាពជនសង្ស័យ ព្រោះសាច់ញាតិជនរងគ្រោះមានច្រើនឈរត្រៀបត្រាក្រែងមានហេតុការណ៍ផ្សេងៗកើតឡើងចៀសវាងរឿងរ៉ាវកាន់តែវែងឆ្ងាយ ។
ទស្សនៈជាច្រើនបាននិយាយថា ករណីឃាតកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងចោទប្រកាន់បានត្រឹមតែមនុស្ស២នាក់ប៉ុណ្ណោះ និងពុំទាន់ឈានទៅរកការវែកមុខជនដៃដល់ពាក់ព័ន្ធ និងមេខ្លោងផ្សេងទៀតបានទេ ព្រោះរយៈពេលច្រើនថ្ងៃមកហើយ ជនសង្ស័យមិនត្រឹមមិនសារភាពប៉ុណ្ណោះទេ ទោះជាមានភស្តុតាងក្តី ក៏សមត្ថកិច្ចមិនទាន់រកឃើញថែមទៀតនៅឡើយ ។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បន្ទាប់ពីបញ្ជូនដល់សាលាដំបូងខេត្ត រយៈពេលប៉ុន្មានម៉ោងក៏ត្រូវបានបញ្ជូនបន្តទៅពន្ធនាគារភ្នំស្វាយ នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនោះ ដោយមានប្រជាពលរដ្ឋរាប់រយនាក់ស្រែកដាក់បណ្តាសាយ៉ាងទ្រហឹងផងដែរ ៕
ចែករំលែកព័តមាននេះ