រាជធានីភ្នំពេញ ៖ គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១២ បានជួបប្រជុំផ្សព្វផ្សាយតំណាងទូទាំងប្រទេស ក្រោមអធិបតីភាព លោកឧកញ៉ាអូស្មាន ហាស្សាន់សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដាក់ផែនការត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ខាងមុខនេះ ។
ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលម៉ូដេន៥ ក្នុងសង្កាត់ប្ញស្សីកែវខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពីប្រធាន-អនុប្រធានគណៈចលនាសានិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាទូទាំង២២ខេត្ត-ក្រុង និង៣៦ស្រុក-ខណ្ឌ ព្រមទាំងសមាជិកសមាជិកាបក្សជាសាសនិកអ៊ិស្លាមយ៉ាងច្រើនកុះករ ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ ក៏បានពន្យល់ឱ្យដឹងថា គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជាអង្គការចាត់តាំង របស់គណបក្សប្រជាជនកម្ពុជា ។ គណៈចលនាថ្នាក់កណ្តាល ជាសេនាធិការផ្ទាល់គណៈអចិន្ត្រៃយ៍ គណបក្ស ។ គណៈចលនាថ្នាក់កណ្តាលមានសិទ្ធិតែងតាំងគណៈចលនាសាសនិកអ៊ិស្លាម របស់គណបក្សប្រជាជនកម្ពុជាទាំង២២ខេត្ត-ក្រុង និងតាមស្រុក-ខណ្ឌ ។ ដូចនេះគណៈចលនាដែលបានតែងតាំងត្រូវធ្វើការសហការជាមួយសមាជិកសមាជិកាបក្សក្នុងឃុំ-សង្កាត់របស់ខ្លួន ។ សាសនិកអ៊ិស្លាមត្រូវយល់ថា គណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ទើបមានរដ្ឋាភិបាល មានរដ្ឋាភិបាល ទើបមានអ៊ីម៉ាំម៉ាស្ជិទ ។ ចាប់ពីពេលនេះទៅត្រូវរៀបចំពង្រឹងគណៈចលនាសាសនិកអ៊ិស្លាមឡើងវិញទាំង២២ខេត្ត-ក្រុង និង៣៦ស្រុក-ខណ្ឌ ពិគ្រោះយោបល់ធ្វើយ៉ាងណាឱ្យសហគមន៍អ៊ិស្លាមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ។
លោកឧកញ៉ាអូស្មាន ហាស្សាន់បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសាសនិកអ៊ិស្លាម និងផ្តល់ឱកាសគ្រប់បែបយ៉ាង ។ ដូចនេះ គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវរួមសាមគ្គីគ្នាធ្វើអ្វីៗគិតពីប្រយោជន៍បក្ស និងប្រជាពលរដ្ឋ ។ ត្រូវជំរុញបងប្អូនអ៊ិស្លាមឱ្យ ទៅចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ព្រមទាំងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីសមិទ្ធផល វិហារអ៊ិស្លាម និងសាលារៀន ព្រមទាំងសមិទ្ធផលជាច្រើនទៀត ជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តី ។
លោកឧកញ៉ាក៏បានបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀតនឹងបញ្ចប់ការចុះឈ្មោះ បោះឆ្នោត ដូច្នេះ សូមគណៈចលនាទាំងអស់យកចិត្តទុកដាក់ណែនាំឱ្យបងប្អូនអ៊ិស្លាមទៅចុះឈ្មោះឱ្យបានគ្រប់គ្នា បើបងប្អូនមិនបានទៅចុះឈ្មោះ ឬចុះឈ្មោះខុស យើងគ្មានឱកាសបានបោះឆ្នោតជូនបក្សប្រជាជនកម្ពុជានោះទេ ។
លោកឧកញ៉ាបានបន្តទៀតថា ដោយសារតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍហើយប្រជាពលរដ្ឋមានជីវភាពធូរធារពី១ឆ្នាំទៅ១ឆ្នាំ និងបង្កឱ្យប្រជាពលរដ្ឋអ៊ិស្លាមដែលមានលទ្ធភាពបានធ្វើដំណើរទៅធ្វើបុណ្យហាក់មានការកើនឡើង ។ ដូចនេះ គណៈចលនាសានិកអ៊ិស្លាមត្រូវសហការគ្នា ក្តាប់ឱ្យបានពីសមាជិក សមាជិការបស់ខ្លួនបានទៅចុះឈ្មោះ ឬនៅពេលមានបញ្ហាលំបាកត្រូវរាយការណ៍បន្ទាន់មកគណៈចលនាថ្នាក់កណ្តាល ដើម្បីដោះស្រាយធ្វើយ៉ាងឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តទទួលបានជ័យជម្នះ ៕
ចែករំលែកព័តមាននេះ