ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា លោកសុំ ពៅពិសិដ្ឋ តំណាងកោះសន្តិភាពបាននាំយកអំណោយជាថវិការបស់សប្បុរសជនចំនួន៥០ម៉ឺនរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពស្ត្រីឈ្មោះម៉ិច សាប៉ី អាយុ២៣ឆ្នាំ នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី៧ កញ្ញា ។ ដោយសារតែជីវភាពក្រីក្រខ្លាំង ពុំមានប្រាក់ទិញបាយហូបស្ត្រីឈ្មោះម៉ិច សាប៉ី បង្ខំចិត្តឡើងបេះត្រួយ និងផ្លែអំពិលទាំងភ្លៀងសស្រិចដើម្បីយកទៅលក់យកប្រាក់ទិញបាយហូប ប៉ុន្តែជាអកុសលបានរបូតដៃធ្លាក់ពីលើដើមអំពិលកម្ពស់៧ម៉ែត្រ បោកក្បាលត្រូវដុំថ្មបែកចេញឈាម និងសន្លប់នៅនឹងកន្លែង ។ ក្រោយមកស្ត្រីនោះស្លាប់នៅពេលក្រុមគ្រូពេទ្យបម្រុងនាំយកទៅសង្គ្រោះនៅឯភ្នំពេញ ។
តាមរយៈការចុះផ្សាយពីហេតុការណ៍ដ៏គួរឱ្យសង្វេគនេះមានសប្បុរសជនជាច្រើនអាណិតអាសូរ ហើយបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈសារព័ត៌មានកោះសន្តិភាពដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារដ៏កម្សត់មួយនេះ ដែលត្រូវការថវិកាសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ជាពិសនេះគឺបានទិញអង្ករសម្រាប់ផ្គត់ផ្គង់ជីវភាពដែលមានឪពុកជាជនពិការ និងកូនតូចៗ ។
ថវិកាដែលកោះសន្តិភាពបានទទួល ហើយនាំទៅជូននេះ ១-លោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការរងកងរាជអាវុធហេត្ថរាជធានីភ្នំពេញ ជានិស្សិតមហាវិទ្យាល័យបញ្ជាការសេនាធិការនៃសាកលវិទ្យាល័យការពារជាតិ ឧបត្ថម្ភ២០ម៉ឺនរៀល ២-លោកវរសេនីយ៍ទោ កែប ច័ន្ទតូ នាយរងការិយាល័យបុគ្គលិកទីចាត់ការចលនូប្បត្ថម្ភអគ្គបញ្ជាការ ជានិស្សិតមហាវិទ្យាល័យបញ្ជាការសេនាធិការនៃសាកលវិទ្យាល័យការពារជាតិ ឧបត្ថម្ភ២០ម៉ឺនរៀល និង៣-លោកជំទាវ ឧត្តមសេនីយ៍ទោ ង៉ែត ម៉ាលី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ឧបត្ថម្ភ១០ម៉ឺនរៀល ។ លោកជំទាវក៏បានឧបត្ថម្ភ១០ម៉ឺនរៀលជូនទៅលោកយាយដែលមានជំងឺ ហើយគ្មានទីពឹងនៅខេត្តតាកែវផងដែរ និងត្រូវបញ្ជូនទៅពេលក្រោយ។
ក្រោយពីទទួលបានអំណោយសប្បុរសជនក្រុមគ្រួសារនៃសពដែលមានឪពុក ម្តាយ កូន និងប្តីបានសម្តែងក្តីរំភើប និងត្រេកអររកអ្វីប្រៀបស្មើពុំបាន ព្រោះកំពុងតែជំពាក់លុយគេ ពេលធ្វើបុណ្យសព៧ថ្ងៃកាលពីថ្ងៃទី១៣ កញ្ញា ផង និងខ្វះខាតនៅក្នុងជីវភាពផង មិនដឹងបានអ្វីមកដោះស្រាយ ស្រាប់តែមានសប្បុរសជនបរិច្ចាគជាប្រាក់អំណោយទានដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមកឱ្យគ្រួសារគាត់ ។ ការឧបត្ថម្ភនេះធ្វើឱ្យទុក្ខកង្វល់ដែលកំពុងតែកកស្ទះណែនពេញដើមទ្រូងត្រូវរលាយបាត់អស់ប្រៀបដូចបានដកបន្លាជាច្រើនចេញពីដើមទ្រូងរបស់គាត់ដែរ ។
ឆ្លើយតបទៅនឹងគុណបុណ្យដែលមិនអាចបំភ្លេចបានអស់មួយជីវិតនេះ ក្រុមគ្រួសារមួយនេះបានលើកម្រាមដៃដប់សំពះបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យជួយតាមថែរក្សាសប្បុរសជនទាំងអស់ដែលបានជួយស្រោចស្រង់ពួកគាត់ពីសមុទ្រទុក្ខ និងសូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនចៀសឆ្ងាយផុតពីជំងឺ់ផងទាំងពួង និងប្រកបរបរទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕
ចែករំលែកព័តមាននេះ