រាជធានីភ្នំពេញ ៖ នារីម៉ាស្សាពីរនាក់បានត្រូវនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ចាប់ខ្លួននៅចំណុចផ្ទះកោសជប់ម៉ាស្សា យីហោម៉េងហុងមានអាសយដ្ឋានលេខ៤៨០ ក្រុម៣២ ភូមិ៤ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ដោយចោទថា ពួកនាងបន្លំលួចលុយក្នុងហោប៉ៅខោភ្ញៀវដែលចូលទៅម៉ាស្សាកោសជប់ កាលពីល្ងាចថ្ងៃទី១៣ កញ្ញា អស់ចំនួន៩០០ដុល្លារ ។
ស្រ្តីជាប់ចោទមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេនិងត្រូវបានសមត្ថកិច្ចធ្វើការសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលទួលទំពូង២ ។ ចំណែកឯមន្រ្តីយោធាពីររូបដែលចូលម៉ាស្សាក៏មិនស្គាល់អត្តសញ្ញាណដែរ ។តាមប្រភពព័ត៌មានទាក់ទិននឹងរឿងហេតុខាងលើនេះត្រូវបានឱ្យដឹងថា មុនពេលមានការប្តឹងឱ្យចាប់ខ្លួនស្រ្តីពីររូបខាងលើ គឺមានបុរសជាមន្រ្តីយោធាពីររូបជិះរថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ មួយគ្រឿងចូលទៅកោសជប់នៅក្នុងហាងម៉ាស្សាយីហោ ម៉េងហុង លុះពេលចេញពីម៉ាស្សាលូកយកកាបូបពីក្នុងហោប៉ោវខោដើម្បីឱ្យលុយថ្លៃម៉ាស្សា ស្រាប់តែបាត់លុយពីក្នុងកាបូបចំនួន៩០០ដុល្លារ ។
ពេលនោះបុរសទាំងពីរនាក់ក៏បានឡូឡាសម្លុតឱ្យសងលុយមកខ្លួនវិញ បើមិនដូច្នេះទេនឹងប្តឹងប៉ូលិសឱ្យចាប់ខ្លួន ។ ប្រភពព័ត៌មានឱ្យដឹងទៀតថា ដោយសារតែបានធ្វើសកម្មភាពលួចលុយមែននោះ ពួកនាងក៏សុខចិត្តសងទៅភ្ញៀវវិញចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿង ។ ក្រោយពីបានលុយចំនួន៥០០ដុល្លារមកវិញហើយមន្រ្តី យោធាទាំង២រូបក៏បើករថយន្តចេញពីហាងកោសជប់ទៅបាត់ លុះព្រឹកឡើងថ្ងៃទី ១៤ កញ្ញា ក៏ប្តឹងនគរបាលប៉ុស្តិ៍ទួលទំពូងទី២ ឱ្យចាប់ខ្លួនពួកនាងទាំងពីរនាក់នោះនាំមកស្នាក់ការប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ នៅស្នាក់ការប៉ុស្តិ៍នគរបាលពួកនាងទាំងពីរនាក់បានសុខចិត្តសងលុយ៤០០ដុល្លារទៀតទៅឱ្យមន្រ្តីយោធាខាងលើក្នុងគោលបំណងសុំរួចខ្លួន ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតឱ្យរួចខ្លួនទេ គឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺស្រ្តីដែលបើកកន្លែងកោសជប់ម៉ាស្សាបន្លំលួចលុយភ្ញៀវខាងលើនេះ បានជេរប្រមាថអ្នកកាសែតនិងប្រតាយយកម៉ាស៊ីនថតពីអ្នកកាសែតទៀតនៅពេលទៅថតយកព័ត៌មានខណៈសមត្ថកិច្ចចុះទៅចាប់ខ្លួន។ តាមសកម្មភាពនេះអាចសន្និដ្ឋានបានថា ស្រ្តីដែលបើករបរកោសជប់បន្លំលួចលុយភ្ញៀវពេលចូលកោសជប់និងម៉ាស្សានោះ មិនមែនទើបតែលើកទី១ឡើយ៕
ចែករំលែកព័តមាននេះ