ខេត្តកំពង់ធំ ៖ បុរសជាប្តីប្រមឹកម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសន្ទុក ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធចុងរបស់ខ្លួនបណ្តាលឱ្យរងរបួសកាលពីថ្ងៃទី១២ កញ្ញា ២០១២ នៅចំណុចអូរបឹងរូង ភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណីខាងលើ មន្រ្តីនគរបាលស្រុកសន្ទុកបានឱ្យដឹងថា បុរសឈ្មោះ សូ ដុង អាយុ៥០ឆ្នាំមានទីលំនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីបានវាយប្រពន្ធចុងឱ្យរបួសកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១២ កញ្ញា ។
ទាក់ទិនហេតុការណ៍នេះនគរបាលបានដកស្រង់សម្តីស្រ្តីជាប្រពន្ធចុងខាងលើថា មុនពេលកើតហេតុបន្ទាប់ពីប្តីត្រឡប់មកពីផឹកស្រាវិញក៏បានរករឿងឈ្លោះប្រកែកនិងបានទាញឆ្នាំងបាយវាយក្បាលគាត់ ដោយសារខឹងគាត់មិនទាន់ដាំបាយ ។ ស្រ្តីរូបនេះបានបន្តថា មិនមែនទើបតែម្តងនេះទេ គឺច្រើនលើកហើយដែលប្តីរូបនេះវាយដំគាត់រហូតបាក់ជើងដល់សព្វថ្ងៃនេះ ។
ជាមួយការអះអាងខាងលើត្រូវបានអ្នកភូមិនិយាយថា ប្តីប្រពន្ធខាងលើនេះគឺស្មើគ្នាគ្មានអ្នកណាអន់ឡើយ បើប្តីផឹកហើយប្រពន្ធក៏ផឹកដែរ ពិតជាឆ្នាំងណាគ្របហ្នឹងមែន ហើយមួយថ្ងៃៗរកលុយបានបន្តិចបន្តួចនាំគ្នាទៅផឹកទល់មុខគ្នា ពេលស្រវឹងវាយដំគ្នារាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុបន្ទាប់ពីត្រឡប់មកពីផឹកជាមួយគ្នាវិញ ប្តីប្រើប្រពន្ធឱ្យដាំបាយ លុះប្រពន្ធក្រដាំបាយពេក ប្តីខឹងក៏ទាញឆ្នាំងបាយវាយក្បាលប្រពន្ធតែម្តងទៅ ។ក្រោយហេតុការណ៍កើតឡើងនគរបាលប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួនបុរសប្តីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ១៤ កញ្ញា ៕
ចែករំលែកព័តមាននេះ