រាជធានីភ្នំពេញ ៖ ក្រុមចោរ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពប្លន់យកម៉ូតូស្គូពី ពណ៌ខៀវលាយស បើកដោយនារីម្នាក់មិនបានសម្រេច ដោយសារតែនារីនោះមិនព្រមឱ្យហើយស្រែកថា ចោរៗត្រូវជនសង្ស័យដកកាំភ្លើងវាយនឹងស្នាប់កាំភ្លើងបែកក្បាល រួចបាញ់មួយគ្រាប់ត្រូវពោះរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី១៣ កញ្ញានៅចំណុចស្តុបអូរឫស្សី តាមផ្លូវលេខ១៦១ កែង១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ នារីរងគ្រោះឈ្មោះហ៊ុំ សុផារី អាយុ២២ឆ្នាំ ស្នាក់នៅម្តុំបុរីកីឡា ។
បើតាមសាក្សីបានឱ្យដឹងថា នារីរងគ្រោះជិះម៉ូតូស្គូពីតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ចំណែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូអាយខន ពណ៌ផ្កាឈូកលាយស ស្របទិសគ្នា ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូស្គូពីបត់ស្តាំឆ្ពោះទៅផ្លូវលេខ១៦១ បានបន្តិច ស្រាប់តែម៉ូតូរបស់ជនសង្ស័យជិះមកកៀរទៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក រួចដកកាំភ្លើងភ្ជង់គំរាមប្លន់យកម៉ូតូ តែនារីរងគ្រោះមិនព្រមឱ្យជនសង្ស័យក៏ដកកាំភ្លើងវាយនឹងស្នាប់កាំភ្លើងបែកក្បាល រួចបាញ់១គ្រាប់ត្រូវពោះ បណ្តាលឱ្យដួលម៉ូតូ។ ភ្លាមៗក្រុមចោរស្ទុះទៅបម្រុងលើកម៉ូតូ តែជើងនារីរងគ្រោះខ្ទាស់ជាប់នឹងម៉ូតូជាហេតុធ្វើឱ្យក្រុមចោរមិនអាចលើកម៉ូតូយកទៅបាន ម្យ៉ាងដោយអ្នកឃើញហេតុការណ៍ស្រែកថា ចោរៗផង ជនសង្ស័យទាំង២នាក់យល់សភាពការណ៍មិនស្រួលក៏បាញ់១គ្រាប់ទៀតជិះគេចខ្លួនបាត់ស្រមោល ។
ចំណែកនារីរងគ្រោះត្រូវអ្នកឃើញហេតុការណ៍លើកបីរត់ចូលទៅសង្គ្រោះនៅគ្លីនិកឯកជនជិតកន្លែងកើតហេតុ តែស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ