រាជធានីភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយចំណុះ១តោនកន្លះ មួយគ្រឿង បានដាច់ហ្វ្រាំង ហើយអ្នកបើកបរខ្លាចទៅបុកម៉ូតូនៅពីមុខក៏សម្រេចចិត្តបួងចង្កូតទៅបុកចូលផ្ទះលក់គ្រឿងសំណង់មួយកន្លែង បណ្តាលឱ្យខូចខាតសម្ភារសំណង់មួយចំនួន តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១៣ កញ្ញា តាមបណ្តោយផ្លូវបេតុងលេខ២០១១ ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តហីុយ៉ាន់ដាយ ចំណុះ១តោនកន្លះ ពណ៌ខៀវខាងលើ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកយ៉ាងលឿនតាមផ្លូវបេតុងលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតរថយន្តបានដាច់ហ្វ្រាំងជាន់មិនសីុ ហើយភ័យខ្លាចបុកម៉ូតូ និងរថយន្តនៅពីមុខក៏សម្រេចចិត្តបួងចង្កូតឱ្យទៅបុកផ្ទះលក់គ្រឿងសំណង់មួយកន្លែងចំពីមុខពេញទំហឹង បណ្តាលឱ្យខូចខាតសម្ភារគ្រឿងសំណង់មួយចំនួន តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងរបួស ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះលក់គ្រឿងសំណង់នោះបានពិនិត្យមើលគ្រឿងសម្ភារដែលខូចខាត ពេលពិនិត្យហើយ ក៏ទាមទារឱ្យម្ចាស់រថយន្តនោះសងថ្លៃខូចខាតចំនួន៩០០ដុលា្លរ ហើយភាគីខាងរថយន្តក៏យល់ព្រមដោយគ្មានការតវ៉ា ។ នេះជាការធ្វេសប្រហែសដ៏ធំបំផុតរបស់អ្នកបើកបរដែលមិនបានពិនិត្យលើប្រព័ន្ធហ្វ្រាំងមុនពេលបើកបរ ៕
ចែករំលែកព័តមាននេះ