រាជធានីភ្នំពេញ ៖ ចន្លោះពេលមួយម៉ោងមានគ្រោះថ្នាក់ចរាចរណ៍២ករណីបានកើតឡើងនៅខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៣ កញ្ញា បណ្តាលមកពីបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដែលករណីទី១ កើតឡើងរវាងម៉ូតូឃ្លីកពណ៌ខ្មៅ បើកបរលឿនក្នុងស្ថានភាពស្រវឹងជោកទៅបុកជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឱ្យដួលរងរបួសធ្ងន់ ហើយអ្នកបើករ៉ឺម៉កម៉ូតូរងរបួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទីយប់ តាមផ្លូវលេខ១៩៩ ស្ថិតក្នុងក្រុម២៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីប៉ូលិសបានឱ្យដឹងថា ម៉ូតូឃ្លីកពណ៌ខ្មៅ បើកបរទាំងស្រវឹងធ្លាក់ភ្នែក ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកភ្ញៀវម្នាក់ លុះមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូឃ្លីកដួលបោកនឹងថ្នល់រងរបួសធ្ងន់ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូរងរបួសស្រាល ។ ដោយឡែកភ្ញៀវដែលអង្គុយលើរ៉ឺម៉កម៉ូតូបានចុះ ពីលើរ៉ឺម៉កម៉ូតូជិះម៉ូតូឌុបទៅបាត់ ។
អ្នកបើកម៉ូតូឃ្លីកឈ្មោះ ប៉ែន លក្ខណ៍វុឌ្ឍីណា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្រុម១០ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រងរបួសធ្ងន់ ។ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ កា មហាម៉ាត់សាឡេះ ភេទប្រុស អាយុ៣១ឆ្នាំ ជាខ្មែរអ៊ិស្លាម ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូ និងរ៉ឺម៉កម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមន ។
ដោយឡែកករណីទី២ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានបាក់ដៃឆ្វេង និងស្ត្រីអ្នកជិះពីក្រោយរបួសស្រាល ខណៈពេលរថយន្តមួយគ្រឿងបត់ឆ្វេងកាត់មុខក្នុងល្បឿនលឿនធ្វើឱ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកទ្វារក្រោយរថយន្តកាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅទល់មុខក្រុមហ៊ុនស្រាបៀរអង្គរ តាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជាអ្នករត់ម៉ូតូឌុបដឹកភ្ញៀវជាស្ត្រីម្នាក់ ពីត្បូងទៅជើង ចំណែករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ បើកបរពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើរថយន្តបត់ឆ្វេងចូលក្រុមហ៊ុនស្រាបៀរ ក្នុងល្បឿនលឿនពេក ធ្វើឱ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកទ្វារក្រោយចំហៀងខាងស្តាំបណ្តាលឱ្យក្រពឹត ហើយអ្នកបើកម៉ូតូដួលបាក់ដៃឆ្វេង ចំណែកស្ត្រីជិះពីក្រោយរងរបួសស្រាល ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។បន្ទាប់មកភាគីទាំងសងខាងបានធ្វើការចរចាគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ចែករំលែកព័តមាននេះ