ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​សមាគម សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ធ្វើ​វេទិកា​ស្រូវ​អង្ករ​​កម្ពុជា​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ​ទី​១២ កញ្ញា ​ឆ្នាំ​២០១២ នៅការិយាល័យ​សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុនតូច​និងមធ្យម​កម្ពុជា ​ក្រោម​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ ក្រុមប្រឹក្សា​ស្តា​រ​អភិ​វឌ្ឍ​ន៍វិស័យ​កសិកម្មនិងជន​បទ​ ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​កសិកម្ម​​រុក្ខា​ប្រមាញ់​ និងនេសាទ​ ​បានរៀប​ចំនូវ​សន្និសីទ​មួយ​ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ចំនួន​២​ថ្ងៃ​គឺ​នៅថ្ងៃ​ទី​១-២ ខែតុលា ​ឆ្នាំ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ​ទី​១២ កញ្ញា ​ឆ្នាំ​២០១២ នៅការិយាល័យ​សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុនតូច​និងមធ្យម​កម្ពុជា ​ក្រោម​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ ក្រុមប្រឹក្សា​ស្តា​រ​អភិ​វឌ្ឍ​ន៍វិស័យ​កសិកម្មនិងជន​បទ​ ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​កសិកម្ម​​រុក្ខា​ប្រមាញ់​ និងនេសាទ​ ​បានរៀប​ចំនូវ​សន្និសីទ​មួយ​ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ចំនួន​២​ថ្ងៃ​គឺ​នៅថ្ងៃ​ទី​១-២ ខែតុលា ​ឆ្នាំ​២០១២ នៅ​សណ្ឋា​គារ​​សូហ្វី​តែល​​ ​ភ្នំពេញ​ភូគី​​ត្រា ​(Sofitel Phnom Penh Phokeetra) ​​ក្រោម​អធិបតី​ភាព​បើក​អង្គ​​វេទិកា​ដោយ​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​យឹម ​ឆៃលី ​តំណាង​ដ៏ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា ​និងប្រារព្ធ​បិទអង្គ​វេទិកា​ក្រោម​អធិបតី​ភាព​លោក​ទេសរដ្ឋ​មន្ត្រី​ចម ​ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ពាណិជ្ជ​កម្ម ។

​គោល​បំណង​របស់​សន្និ​សីទ​នេះ គឺ​ដើម្បី​ប្រ​កាស​ព័ត៌​មាន​ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ​ដែល​រៀប​ចំ​ឡើងដើម្បី​កៀង​គរ​​បណ្តា​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុងខ្សែ​សង្វាក់​ផលិត​កម្ម​ស្រូវ​អង្ករ ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​​និ​ងធ្វើ​បច្ចុប្បន្ន​ភាព​ចរន្ត​ទី​ផ្សារ​ពិភព​លោក​ និងអាច​ជួយ​សម្រួល​ដល់​អ្នក​ដើរតួ​នាទី​ នៅក្នុង​សហគមន៍​អង្ក​រកម្ពុជា ​បានក្រេប​ជញ្ជក់​យកចំណេះដឹង​ដ៏​មាន​តម្លៃ​​នេះពី​បណ្តា​ជំនាញ​ការដែល​មកពីស្ថាប័ន​ឯក​ជន​និ​ង​ស្ថាប័ន​រដ្ឋ ​និងបណ្តា​អ្នក​ចូលរួម​ទាំង​ថ្នាក់​ជាតិ ​និងអន្តរ​ជាតិ​នៅក្នុងវេទិកានេះ ។

សូម​បញ្ជាក់ផងដែរថា ​វេទិកាស្រូវ​អង្ករ​លើក​ទី​២​នេះ​​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅក្នុង​​ប្រទេស​កម្ពុជា ​ដើម្បីផ្តល់​ជាប្រយោជន៍​ដ៏​សំខាន់​ដល់​សហគម​ន៍​អង្ករ​កម្ពុជា ​ក្នុង​ការឈាន​ឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​គោលដៅ​របស​់រដ្ឋា​ភិបាល​កម្ពុជា​ក្នុងការនាំចេញ​អង្ករ​ឱ្យ​បាន​១លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ ​វេទិកា​នេះ​បានបង្ហាញ​ពី​ចំណាប់​​​អារម្មណ៍​​របស់​អ្នកចូលរួម​​​ និង​កំណត់​នូវ​ជំហាន​សំខាន់​ៗ​និងថ្មី​ៗ​ដែល​ប្រកាន់​យក​តាំង​ពីមុនមក​ដោយ​ស្ថាប័ន​ឯក​ជន ​និងសាធារណៈ​ក្នុង​ការ​ប្រឹង​ប្រែង​​​​​សម្រេច​​ឱ្យ​បាន​នូវ​គោលដៅ​នាំចេញ​តាម​ការកំណត់​ ថែម​ទាំង​មាន​ប្រធាន​បទថ្មី​ៗ​ដែល​​នឹង​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ ​និងអ្នក​ឯក​ទេស​ជាតិ ​និងអន្តរ​ជាតិ ។

វេទិកា​នេះ​ ​មានគោល​បំណង​អញ្ជើញ​អ្នក​ទិញ​អន្តរជាតិ​ និងអ្នក​នាំចេញ​ពីបណ្តា​ទីផ្សារ​សំខាន់​ៗ​របស់​អង្ករ​កម្ពុជា ដូចជា ​ទីផ្សារ​អឺរ៉ុប​ខាងកើត ​និងអឺរ៉ុប​​ខាង​លិច​ មជ្ឈិ​ម​បូពា​៌​ អាហ្វ្រិក​ និង​អាស៊ី​ដែលជា​ឱកាស​ដ៏ល្អ​​ក្នុងការរៀន​សូត្រ​ពីបណ្តា​ស្ថា​ប័ន​របស់​រដ្ឋាភិបាល​​​ និងវិស័យ​ឯក​ជន ​​ក្នុង​ការ​ទទួល​យកវិធាន​ការចំពោះ​មុខ ​និង​អនា​គត​ដើម្ប​ីកែលម្អ​វិស័យ​នេះ​ឱ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​​។
​វេទិកា​ខាងមុខ​នេះ​ ​នឹងនាំ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​​ប្រមាណ​ជាង​៤០​ប្រទេស​​ មកជួប​ជុំ​គ្នា​ក្នុង​វេទិកា​នេះ ​ដើម្បី​ទទួល​យក​ព័ត៌​មាន​ថ្មី​បំផុត​អំពី​ស្រូវ​អង្ករ​កម្ពុជា ​និងគោល​នយោបាយ​បើក​ច្រក​ទ្វារ​ទីផ្សារ​នាំ​​ចេញ​អង្ករ​កម្ពុជា ​ទៅ​កាន់ពិភព​លោក​ឱ្យ​បាន​១លាន​តោន​ក្នុងឆ្នាំ​២០១៥​ដែល​​បាន​ទទួល​ការឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ RMA Cambodia និងអ្នកសហការ​ឧបត្ថម្ភ​ដោយ​ធនាគារ​​ FTB,  ធនាគារ​ ANZ Royal, Maersk Line ,MCC Transport, SH Dryer, Pan  Condinental, Agro Idustry  ។

លោក​ឧកញ៉ា​តែ​ តាំងប៉ ​​ប្រធាន​សម្ព័ន្ធ​សមា​គម​សហគ្រាស​ធុន​​តូច​និង​មធ្យម​​កម្ពុជា​បាន​ថ្លែង​ថា ​នេះ​ជាលើក​ទី២​ហើយ​ ​ដែលសម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុនតូច ​និងមធ្យម​កម្ពុជា ​បានរៀប​ចំវេទិកា​ស្រូវ-អង្ករ​កម្ពុជា​ ​បន្ទាប់​ពី​​យើង​សម្រេច​បាន​ជោគ​ជ័យ​យ៉ាងធំ​ធេង​លើក​ារ​រៀប​ចំវេទិកា​ស្រូវ​-អង្ករ​កម្ពុជាលើក​ទី​១ ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧ តុលា ​ឆ្នាំ​២០១១ ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​ ​ក្រោម​អធិបតីភាព​​បើក​អង្គ​វេទិកា​​​ដោយ​លោក​ឧបនាយករដ្ឋ​មន្ត្រី​យឹម​ ​ឆៃលី ​តំណាងដ៏​​ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន​ ​និងប្រារព្ធ​បិទ​កម្ម​វិធី​ក្រោម​​អធិបតី​ភាព​លោក​ឧ​បនាយ​ក​រដ្ឋ​មន្ត្រី​គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញ​វត្ថុ​ ដែល​​​​វេទិកា​នោះ​ស្រូប​យក​ក្រុម​ហ៊ុន​ក្រៅ​ស្រុក​ចំនួន​៤០​ក្រុម​ហ៊ុន​ ដែល​បានចូលរួម​មានដូចជា​ប្រទេស​ជប៉ុន ​កូរេ៉ ​អីុតាលី ​អង់គ្លេស ​អាមេរិក ​រុស្ស៊ី ​ស្វ៊ីស ​អាល្លឺម៉ង់ ​​ប៊ុល​ហ្គារី ​ហុងគ្រី​ ចិន ​សិង្ហបុរី​  ​ម៉ាឡេស៊ី ​ហ្វ៊ីលីពីន​ ​ថៃ​ និងវៀតណាម ​ហើយ​ភ្ញៀវ​ក្នុងស្រុក​សរុប​៥០០​នាក់​​(​ទាំង​ស្ថា​ប័ន​រដ្ឋ ​និង​ឯកជន​) ។ ​

ដូច្នេះ​ ​ដើម្បី​បន្តជំហាន​នៃយន្ត​ការអភិវឌ្ឍ​ន៍​​ លើការ​ជំរុញ​​​​គោល​នយោបាយ​ដ៏​ស៊ី​ជម្រៅ​​នេះ ​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា ​ក្រោម​កិច្ច​សហ​ការជាមួយ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៍វិស័យ​កសិកម្ម ​និងជន​បទ ​ក្រសួង​ពាណិជ្ជ​កម្ម​ និងក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់​​និងនេសាទ ​នឹងរៀបចំ​បង្កើត​វេទិកា​នេះ​ឡើង​ ​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​អង្ករ​កម្ពុជា​អាច​បើក​ចំហ​​ទីផ្សារ​របស់ខ្លួន​ក្នុង​បរិបទថ្មី​​ ជាមួយនឹង​គុណ​ភាពដែល​អន្តរជាតិ​ទទួល​ស្គាល់ ។

ការរៀបចំវេទិកាស្រូវ​-អង្ករ ​កម្ពុជា​នេះ​ឡើង ក្នុងគោល​បំណង​ពីរធំៗ​គឺ ​ទី​១-ជំរុញ​ផលិត​កម្មស្រូវ​ និងការនាំ​ចេញ​អង្ករ​ក្នុង​សន្ទុះ​ និងទំហំ​ថ្មី​មួយ​នៅ​លើ​ទីផ្សារ​ពិភពលោក ។ ​ទី​២-​ធ្វើ​ឱ្យ​អង្ករ​កម្ពុជា​ត្រូវ​បាន​គេទទួល​ស្គាល់​ជា​អន្តរជាតិ​ផង​ដែរ ។ ការរៀបចំ​វេទិកា​នេះ​ឡើង គឺធ្វើ​ឡើង​ដើម្បី​​ប្រមូល​ផ្តុំ​តួ​អង្គ​សំខាន់់​ៗ​នៅក្នុង​ខ្សែ​ស​​ង្វាក់​​ផលិត​កម្មស្រូវ​និង​​អង្ករ​កម្ពុជា​ និង​អ្នក​ផ្គត់​ផ្គង់​សម្ភារ​កសិកម្ម​ដើម្បី​ផ្តល់​នូវចំណេះ​ដឹង​ថ្មីៗ​ ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ ការវិភាគ​ ការ​ប្រមូល​ផ្តុំ​នានា ​និងពិភ្សា​រកដំណោះ​ស្រាយ​នៅ​ក្នុង​​វិស័យ​ស្រូវ​អង្ករ​ ​ដើម្បីសម្រេច​ឱ្យ​បាន​នូ​វ​គោល​ដៅ​ក្នុងការនាំ​ចេញ​អង្ករ​តាម​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​ ។

​លើសពី​នេះ​ទៀត ​វេទិ​កា​នេះនឹង​ធ្វើ​ការ​ពិនិត្យ​ និង​កំណត់​នូវ​ជំហា​ន​សំខាន់​ថ្មី​ៗ​ដែល​ប្រកាន់​យក​តាំងពី​មុន​មក​ដោយ​ស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯកជន​​ ​ក្នុងការ​​ប្រឹង​​ប្រែង​សម្រេច​ឱ្យ​បាន​តាមគោល​ដៅ​នាំចេញ​ដែល​បានកំណត់​ និងដោះស្រាយ​ឱ្យ​ទាន់​សភាព​ការណ៍​​នូវ​រាល់​បញ្ហា​ប្រឈម​ដែលបាន​និ​ងកំពុង​​កើត​ឡើង​​​។ ​វេទិកា​នេះ​ ​មា​នគោល​បំណង​អញ្ជើញ​អ្នកទិញ​អន្តរជាតិ​និងអ្នកនាំចេញ​ពី​បណ្តា​ទីផ្សារ​សំខាន់​ៗ​របស់​អង្ករ​កម្ពុជា ​ដូចជា​អឺរ៉ុប ​អាស៊ី ​អាមេ​រិក​ខាងជើង ​ដែល​ជា​ឱកាស​ដ៏​ល្អក្នុង​ការ​រៀនសូត្រ​​ពី​បណ្តា​ស្ថាប័ន​រដ្ឋ ​និង​ឯក​ជន​ក្នុងការ​ទទួល​យក​វិធាន​ការ​ចំពោះមុខ ​និង​អនា​គត​​ដើម្បី​កែលម្អ​វិស័យ​នេះ​ឱ្យ​កាន់​តែ​​មាន​កា​រ​អភិវឌ្ឍ​ ។ ​

ដើម្បីលើកស្ទួយ​ដល់​វិស័យ​ស្រូវ​-អង្ករ​​កម្ពុជា ​ឱ្យ​មាន​​ការ​រីកចម្រើន​ ​និង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​​ប្រកួត​ប្រជែង​ខ្ពស់​​ទាំង​ក្នុង​តំបន់ ​និង​អន្តរ​ជាតិ​​ស្របពេល​ដែល​យើង​​កំពុង​ត្រៀម​ខ្លួន​ធ្វើស​មា​ហរណកម្ម​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ (សេដ្ឋ​កិច្ច​តែ​មួយ​វាសនាតែមួយ ​) នៅឆ្នាំ​២០១៥ ខាង​មុខ ​វេទិកា​នេះអាចជួយ​ពាណិជ្ជករ​ជាត​ិន​ិង​អន្តរ​ជាតិ​​បាន​ជួប​សំណេះ​សំណាល​ការងារ​​ពាណិជ្ជ​កម្ម​ក្នុង​ផ្នែក​ស្រូវ​អង្ករ​ និងមាន​ឱកាស​ពង្រីក​ទី​ផ្សារ​របស់​ខ្លួន​​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត ។ ​ម្យ៉ាង​​ទៀត​ ​វេទិកា​នេះ​​​នឹងផ្តល់​ជូន​នូវ​ព័ត៌​មា​ន​ថ្មី​បំផុត​អំពីស្រូវ​-អង្ករ​ នៅកម្ពុជា ​និងទីផ្សារ​ថ្មី ៗ របស់​កម្ពុជា ​ក៏ដូច​ជានយោបាយ​ក្នុងការ​បើក​ច្រក​ទ្វារ​ទីផ្សារ​អង្ករ​កម្ពុជា​ទៅ​​កាន់​ទីផ្សារ​ពិភព​លោក​ក្នុងបរិបទថ្មី ៕