ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១០ កញ្ញា លោកឧកញ៉ាហេង សៀ និងលោកជំទាវសៀម ជូ អគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង និងធានប៉កសិកម្មព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរឃុំ-ស្រុក និងខេត្តបាននាំយកអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគទៅចែកជូននិងសួរសុខទុក្ខដល់ក្រុមការងារបច្ចេកទេស និងក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងឈរជើងនៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
អំណោយទាំងនោះរួមមាន ១-ម៉ាស៊ីនភ្លើង១គ្រឿង ភ្ជាប់ឌីណាម៉ូកម្លាំង២.៥០គីឡូវ៉ាត់ម៉ាកហុងដា ផលិតនៅប្រទេសជប៉ុន ២-ទឹកបរិសុទ្ធម៉ាកញ៉ូវដេចំនួន៨០យួរ ៣-មីយើងចំនួន១០កេសធំ ៤-ត្រីខកំប៉ុងចំនួន១០កេសធំ ៥-ស្ករសចំនួន៥០គីឡូក្រាម ៦-ទឹកត្រីចំនួន១០យួរ ៧-ទឹកស៊ីអីុវចំនួន១០យួរ ៨-ត្រីងៀតចំនួន១០គីឡូក្រាម ៩-សាច់ក្រកចំនួន១០គីឡូក្រាម ១០-ប្រេងសាំងចំនួន១ធុងស្មើនឹង២២០លីត្រ ។ ព្រមទាំងបានឧបត្ថម្ភទឹកប្រាក់ដល់ក្រុមការងារបច្ចេកទេស និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ កងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យ សរុបចំនួន៣៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល ។ សរុបថវិកាទាំងអស់ដែលក្រុមហ៊ុនបានចំណាយនៅពេលចុះសួរសុខទុក្ខក្រុមការងារបច្ចេកទេស និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោចំនួនជាង៣.០០០ដុល្លារសហរដ្ឋអាមេរិក ។
ក្នុងពិធីនោះលោកឧកញ៉ាហេង សៀ និងលោកជំទាវ សៀម ជូ អគ្គនាយកក្រុមហ៊ុនហេង ស្រេងហុង អាហរ័ណ នីហរ័ណចំកាត់ បានមានប្រសាសន៍ថា ជានិច្ចកាលក្រុមហ៊ុនរបស់លោកតែងតែយកចិត្តទុកដាក់ ចុះសួរសុខទុក្ខដល់ជនក្រីក្រ និងកងទ័ពនៅសមរភូមិមុខ និងពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយទឹកជំនន់ជាដើម ។
លោកឧកញ៉ាបានលើកឡើងថា អ្វីដែលក្រុមហ៊ុនលោកបាន និងកំពុងធ្វើនេះគឺជាការលះបង់ខ្ពស់ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទៅលើវិស័យរៀបចំដីធ្លីតាមគោលនយោបាយចាស់សកម្មភាពថ្មីដែលក្រុមការងារបច្ចេកទេស និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោកំពុងអនុវត្តសព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ