ខេត្តកំពង់ស្ពឺ ៖ សាំងគេចពន្ធចំនួន១៤៦ប៊ីដុង ស្មើនឹង៣.៥០៤លីត្រ ដែលដឹកតាមរថយន្តមួយគ្រឿងម៉ាកTopic បានត្រូវសមត្ថកិច្ចប៉េអឹមស្រុកថ្ពងចាប់ឃាត់កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៩ កញ្ញា នៅតាមផ្លូវលំ ក្នុងភូមិថី ឃុំរុងរឿង ស្រុកថ្ពង ។
លោកវរសេនីយ៍ត្រី សុខ គង់ មេបញ្ជាការប៉េអឹមស្រុកថ្ពងបានឱ្យដឹងថា រថយន្តមួយគ្រឿងនេះ ពណ៌ស្លែ បើកបរដោយឈ្មោះម៉ូវ សុខហៀន ជាម្ចាស់រថយន្ត និងផ្ទុកប្រេងសាំងគេចពន្ធចំនួន១៤៦ប៊ីដុង ក្នុង១ប៊ីដុងស្មើនឹង២៤លីត្រ បើកចេញពីវាលរេញឆ្លងកាត់ស្រុកថ្ពងឆ្ពោះទៅកាន់ស្រុកឧដុង្គ ក៏ត្រូវកម្លាំងរបស់លោកចាប់ឃាត់ទាំងមនុស្សទាំងរថយន្ត បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
លោកឧត្តមសេនីយ៍ត្រីម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរាយការណ៍ភ្លាមៗដល់មន្ត្រីគយនិងរដ្ឋាករចល័តដើម្បីមកត្រួតពិនិត្យសាំងគេចពន្ធដែលកងរាជអាវុធហត្ថឃាត់ចាប់បាននេះ ។ ម្ចាស់រថយន្ត និងក៏ជាម្ចាស់សាំងគេចពន្ធនេះឈ្មោះម៉ូវ សុខហៀន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃនប់២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រោយពីការត្រួតពិនិត្យរួចហើយ វត្ថុតាងបទល្មើសត្រូវបានប្រគល់ជូនឱ្យមន្ត្រីគយចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ