ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយគឺអ្នកបើករថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបោះពួយទៅបុកេមគោអ្នកស្រុកបណ្តាលឱ្យងាប់មួយក្បាល ហើយអ្នកបើករថយន្តនោះមិនព្រមរកសមត្ថកិច្ចមកជួយដោះស្រាយតាមនីតិវិធីទេ បែរជាលើកខ្មោចគោនោះដាក់ក្នុងឃ្លុបរថយន្តបម្រុងដឹកចេញបំបិទភស្តុតាងទៅវិញ ។ ទង្វើអគតិនេះធ្វើឱ្យខ្លួនឯងជាអ្នកត្រូវសោះក្លាយជាមានទោសទៅវិញ ព្រោះការរំលោភច្បាប់ចង់លេងផ្លូវកាត់ទំបំផុត ត្រូវសមត្ថកិច្ចក្របួចជាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្តក្រុងឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរញ ឃុំអូរញ ស្រុកថ្ម គោល ខេត្តបាត់ដំបង បានដឹកអ្នកដំណើរពីខេត្តសៀមរាប ឆ្ពោះមកក្រុងភ្នំពេញ ពេលដល់ចំណុចកើតហេតុបានបុកមេគោមួយក្បាល បណ្តាលឱ្យងាប់នៅនឹងកន្លែង រួចនាំគ្នាលើកដាក់ក្នុងឃ្លុបរថយន្តបើកចេញបើកចេញមកបម្រុងយកទៅភ្នំពេញ តែត្រូវសមត្ថកិច្ចឃាត់ទាំងរថយន្តនិងអ្នកបើកបរនៅចំណុចគល់ស្ពានកំពង់ផែផ្នែកខាងជើង រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ត្រី យ៉ង សំ អធិការស្រុកស្ទោងបានឱ្យដឹងថា រថយន្តក្រុង១គ្រឿង ពណ៌សឆ្នូតក្រហមលាយខៀវ បានបុកមេគោមួយក្បាលបណ្តាលឱ្យងាប់នៅនឹងកន្លែង ហើយត្រូវអ្នកបើកបរនាំគ្នាលើកដាក់លើរថយន្តរួចបើកចេញមកបម្រុងបំបិទភស្តុតាង ឃើញហេតុការណ៍រំលោភច្បាប់ដូច្នេះម្ចាស់គោបាននាំគ្នា ទៅប្តឹងសមត្ថកិច្ចប៉ូលិសឱ្យជួយអន្តរាគមន៍ឃាត់រថយន្តខាងលើ ។ ដោយឃើញបទល្មើសកើតឡើងស្រស់ៗបែបនេះ លោកក៏បានសុំយោបល់ពីលោក បែ៉ន សារ៉ាត ព្រះរាជអាជ្ញាខេត្ត ដើម្បីឃាត់រថយន្តខាងលើ ហើយបានទាក់ទងមកអធិការស្រុកកំពង់ស្វាយ និងរាយការណ៍មកកាន់ស្នងការខេត្តសុំឱ្យជួយឃាត់រថយន្តខាងលើ ទើបនៅល្ងាចថ្ងៃដដែលកម្លាំងនគរបាលឃាត់រថយន្ត ល្មើសបាននៅចំណុចគល់ស្ពានស្ទឹងសែន បញ្ចូនទៅរក្សាទុកនៅស្នងការដ្ឋានខេត្ត ។
ចំណែកខ្មោចគោដោយឃើញសភាពហើមពោះធំមិនអាចទុកយូរបានខ្លាចស្អុយ លោកវរសេនីយ៍ឯក កែវ ហួរ ស្នងការរង និងជានាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់ចរាចរណ៍បានសុំយោបល់ពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការខេត្ត ប្រគល់ឱ្យម្ចាស់ឈ្មោះ អុឹង សុខភេទស្រី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើដឹកគោងាប់ទៅផ្ទះវិញ នៅវេលាមោ៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ។
ជុុំវិញករណីគ្រោះថ្នាក់ចរារចរណ៍ខាងលើនេះ លោកស្នងការ ផាន់ សុផេងមានប្រសាសន៍ថា ប្រសិនណារថយន្តខាងលើ បើកបុកគោហើយរង់ចាំសមត្ថកិច្ចកិច្ចធ្វើការដោះស្រាយទៅតាមច្បាប់នោះ ម្ចាស់គោត្រូវតែសងការខូចខាតទៅខាងភាគីរថយន្ត ព្រោះការលែងសត្វពាហនៈ ឱ្យដើររហេតរហូតតាមផ្លូវជាតិជាការខុសច្បាប់ ដូច្នេះពេលយានយន្តបើកបុកម្ចាស់គោ-ក្របីទាំងនោះត្រូវតែទទួលទោសចំពោះមុខច្បាប់ ។
ប៉ុន្តែករណីខាងលើនេះ បែរជាអ្នកបើករថយន្តក្រុងបុកគោងាប់ហើយមិនរង់ចាំសមត្ថកិច្ចដោះស្រាយទេ បែរជាលើកខ្មោចគោដាក់ក្នុងឃ្លុបរថយន្តបើកចេញទៅដោយចេតនា ទើបលោកព្រះរាជអាជ្ញាបញ្ជាឱ្យឃាត់ទុកដើម្បីដោះស្រាយចំពោះមុខច្បាប់ទាំងរថយន្ត និងអ្នកបើកបរ ៕
ចែករំលែកព័តមាននេះ