Leigh Howardទទួលបានការសរសើរពីមិត្តរួមក្រុម Orica-GreenEdge Cycling Teamរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះដំណាក់ទី២ប្រណាំងកង់ Tour of Britainឆ្នាំ២០១២កាលពីថ្ងៃចន្ទទី១០កញ្ញាម្សិលមិញ ។ ការប្រណាំងដំណាក់ដែលមានចម្ងាយផ្លូវ ១៨០,៧គីឡូម៉ែត្រនេះត្រូវបានបញ្ចប់នៅទីក្រុង Knowsleyប្រទេសអង់គ្លេស ។
Howardវ័យ២២ឆ្នាំបានជិះកង់ឆ្លងកាត់គំនូសព្រ័ត្រនៃដំណាក់ដែលចេញដំណើរពីទីក្រុង Nottinghamឆ្ពោះទៅកាន់ទីក្រុង Knowsleyដោយប្រើអស់ថិរវេលា ៤ម៉ោង ៣១នាទីនិង ៩វិនាទី យកឈ្នះកីឡាករម្ចាស់ផ្ទះ Mark Cavendishជិះឱ្យក្រុម Sky Procyclingដែលបានប្រើថិរវេលាស្មើជាមួយកីឡាករហូឡង់ Boy Van Poppelរបស់ក្រុម UnitedHealthcare Pro Cycling Team ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Howardបានបញ្ជាក់ថា៖«ជ័យជម្នះនេះកើតមានដោយបានជំនួយពីមិត្តរួមក្រុមរបស់ខ្ញុំគឺ Aidis Kroupis ។ ខ្ញុំធ្លាប់បានជួយគាត់ឱ្យឈ្នះការប្រណាំង២-៣លើក ហើយថ្ងៃនេះ ខ្ញុំឃើញថា គាត់បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពជួយខ្ញុំវិញ »។
នៅលើតារាងថិរវេលាសរុបវិញ បើទោះណា Howardបានយកឈ្នះដំណាក់នេះក៏ដោយចុះ ប៉ុន្តែរូបគេនៅមិនទាន់អាចមានលទ្ធភាពនាំមុខគេនៅឡើយទេដ្បិត កីឡាករ Boy Van Poppelដែលបញ្ចប់ដំណាក់ក្នុងលំដាប់ទី២សន្សំពេលវេលាបានល្អជាងនិងស្ថិតនៅជាអ្នកនាំមុខ ។
បន្ទាប់ពីបញ្ចប់ការប្រណាំងអស់២ដំណាក់មកនេះ Van Poppelប្រើអស់ថិរវេលាសរុប ៩ម៉ោង ២២នាទីនិង ៤វិនាទី ។ ចំណែក Leigh Howardស្ថិតនៅលំដាប់ទី២ខណៈកីឡាករម្ចាស់ផ្ទះ Luke Roweស្ថិតនៅលំដាប់ទី៣បន្ទាប់ពីប្រើថិរវេលាច្រើនជាង Van Poppel ១វិនាទី ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ Tour of Britainឆ្នាំ២០១២នេះមាន៨ដំណាក់លើចម្ងាយផ្លូវសរុប ១៣៤៩,៦គីឡូម៉ែត្រ ។ ដោយឡែក ការប្រណាំងដំណាក់ទី៣ដែលមានចម្ងាយផ្លូវ ១៥២,៦គីឡូម៉ែត្រនឹងចេញដំណើរពីទីក្រុង Jedburghឆ្ពោះទៅកាន់ទីក្រុង Dumfriesចក្រភពអង់គ្លេស ៕
ចែករំលែកព័តមាននេះ