រាជធានីភ្នំពេញ ៖ លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប ក៏ដូចជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកលៀប បានមានប្រតិកម្មយ៉ាងខ្លាំងចំពោះលោកអធិការប៉ូលិសខណ្ឌឫស្សីកែវ ដែលបានដោះលែងចោរទាក់ឆ្កែម្នាក់ដែលប្រជាការពារសង្កាត់ព្រែកលៀបខិតខំល្បាតក្នុងមូលដ្ឋានចាប់ខ្លួនបានខណៈធ្វើសកម្មភាពលួចទាក់ឆ្កែនៅតាមផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញា ២០១២ រួចប្រគល់ឱ្យប៉ូលិសតែត្រូវបានដោះលែងមិនចំណាត់ការតាមច្បាប់ ។
ការដោះលែងចោរនេះត្រូវបានលោកព្រាប មុនី រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀបដែលធ្លាប់បាត់ឆ្កែជាទីស្រឡាញ់បានចាត់ទុកថា ជាការចូលរួមចំណែកជាមួយអ្នកប្រព្រឹត្តបទល្មើស និងមិនបានចូលរួមអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
គួរបញ្ជាក់ថា ជនសង្ស័យចោរទាក់ឆ្កែឈ្មោះគ្រី គ្រីម ហៅចាយ ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅតាមមាត់ច្រាំងទន្លេសាប ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវប្រជាការពារ សង្កាត់ព្រែកលៀបចាប់ខ្លួនបាននៅពេលដែលជននេះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ រួមជាមួយបក្សពួកម្នាក់ទៀតធ្វើសកម្មភាពលួចទាក់ឆ្កែនៅតាមផ្លូវជាតិលេខ៦ បានឆ្កែ២ក្បាល ។ ក្នុងសកម្មភាពនោះប្រទះកម្លាំងល្បាតរបស់ប្រជាការពារដេញចាប់ក៏ជិះគេចខ្លួនទៅបុកបង្គោលស្លាកយានដ្ឋានចាប់បានម្នាក់ដកហូតបានឆ្កែ២ក្បាល ដំបងវាយ និងឧបករណ៍ទាក់ឆ្កែ ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងល្បាតរបស់ប្រជាការពារក៏ប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍រួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ហើយត្រូវបានលោកវរសេនីយ៍ទោ សោម ប៊ុន្នី អធិការខណ្ឌឫស្សីកែវ ដោះលែងកាលពីល្ងាចថ្ងៃទី៩ កញ្ញា បន្ទាប់ពីមានអ្នករត់ការ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ