រាជធានីភ្នំពេញ ៖ ការចិញ្ចឹមគោយកទឹកដោះធ្វើឱ្យជីវភាពអ្នកភូមិកោះក្របីបានធូរធារមួយកម្រិតដោយសារតែមានទីផ្សារល្អក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ម៉្យាងទៀតការចិញ្ចឹមគោយកទឹកដោះក៏មិនពិបាកដែរ គឺដូចគ្នានឹងការចិញ្ចឹមគោធម្មតាដែលគេចិញ្ចឹមយកសាច់ និងជាកម្លាំងអូសទាញដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃតម្លៃទឹកដោះបានកើនឡើង ដូចនេះធ្វើឱ្យជីវភាព ធូរធារជាងមុន និងមានលទ្ធភាពឱ្យ កូនៗបានរៀនសូត្រខ្ពស់ៗ ។
បុរសម្នាក់ដែលមានមាឌមាំ សម្បុរខ្មៅស្រអែមឈ្មោះវុត្ថា នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី កំពុងអង្គុយច្រូតស្មៅនៅក្នុងចម្ការបានឱ្យដឹងថា សព្វថ្ងៃនេះលោកមានគោចិញ្ចឹមយកទឹកដោះចំនួន២ក្បាល និងកូនគោចំនួន៣ក្បាលទៀត ។ ការចិញ្ចឹមគោយកទឹកដោះនេះមិនខុសពីការចិញ្ចឹមគោធម្មតាប៉ុន្មានទេយើងគ្រាន់តែផ្តល់ចំណីឱ្យវាស៊ីគ្រប់គ្រាន់ នោះវាអាចផ្តល់ទឹកដោះឱ្យយើងបានច្រើន ។
កសិកររូបនេះបន្តថា គោមួួយក្បាលយើងអាចច្របាច់យកទឹកដោះពីវា បានពីរដងមួយថ្ងៃគឺពេលព្រឹក និងពេលល្ងាចដែលអាចបានទឹកដោះចាប់ពី៧ទៅ៨លីត្ររឺអាចដល់១០លីត្រ បើយើងឱ្យចំណីវាដិតដល់ ។ លោកបញ្ជាក់ថា យើងអាចយកទឹកដោះពីមេគោគឺចាប់ពីពេលវាកើតកូន រហូតដល់វាដោយឈ្មោលបាន៧ខែ ។ ប៉ុន្តែក្នុងអំឡុងវាឈឺយើងមិនត្រូវច្របាច់ទឹកដោះទេ គឺត្រូវព្យាបាលវាជាសិនសឹម យើងច្របាច់បន្តទៀត ។
ទឹកដោះដែលច្របាច់បាន មានឈ្មួញចាំទទួល ទិញទាំងអស់ មិនពិបាកលក់ទេ ។ តម្លៃក្នុងមួួយលីត្រគឺ៣៥០០រៀល ទៅ ៤០០០រៀល ។ ចំពោះពូជគោលោកវុត្ថា មិនបានដឹងច្បាស់ទេគ្រាន់តែដឹងថា នៅក្នុងភូមិរបស់លោកមានសមាគមគោទឹកដោះ ដែលគេជាអ្នកលក់មេគោឱ្យកសិករដែលចង់ចិញ្ចឹម ។
លោកវ៉ែន វ៉ាត ជាប្រធានសមាគមន៍គោទឹកដោះកម្ពុជា បានឱ្យដឹងថា សមាគមនបានបង្កើតឡើងនៅឆ្នាំ២០០៦ ហើយសព្វថ្ងៃនេះមានសមា ជិក១៣គ្រួសារ និងមានគោដែលអាចផ្តល់ទឹកដោះបានចំនួនជាង២០ក្បាល និងកូនតូចៗជាច្រើនទៀត ។ ពូជគោដែលប្រជាពលរដ្ឋចិញ្ចឹមរាល់ថ្ងៃ គឺបង្កាត់នៅក្នុងស្រុកខ្មែរគឺមិនមែននាំចូលពីប្រទេសណាទេ ហើយសមាជិកណាដែលមានដើមទុនច្រើន អាចទិញមេគោយកទៅ ចិញ្ចឹមនៅតាមគ្រួសាររៀងៗខ្លួន ដែលគោមួួយក្បាលតម្លៃចាប់ពី១២០០ដុល្លាទៅ១៥០០ដុល្លា។
លោកកែវ ស៊ុន ជាអាជីវករចែកចាយទឹក ដោះនៅខណ្ឌចំការមនរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សព្វថ្ងៃនេះតម្លៃទឹកដោះគោឆៅដែលច្របាច់បាន គឺមានការកើនឡើងបន្តិចបើប្រៀបធៀបទៅនឹងពេលមុនៗ ។ តម្លៃទឹកដោះគោទិញចូលគឺ៤០០០រៀល ឬលើសនេះ ចំនែកតម្លៃលក់ចេញ៥០០០រៀលក្នុងមួួយលីត្រសម្រាប់តម្លៃលក់ដុំ ៦០០០រៀលក្នុងមួួយលីត្រ សម្រាប់តម្លៃលក់រាយ ។
គួរបញ្ជាក់ថា កាលពីមុនអ្នកភូមិកោះក្របី នេះ ធ្លាប់ចិញ្ចឹមគោយកទឹកដោះដែរ តែក្រោយមកបានផុតពូជទៅវិញទើបតែប៉ុន្មានឆ្នាំនេះប្រជាពលរដ្ឋចាប់ផ្តើមចិញ្ចឹមគោទឹកដោះនោះវិញ ហើយបានបង្កើតសមាគមគោទឹកដោះទៀត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរកទិញចិញ្ចឹម និងលក់ដូរផលិតផល ៕
ចែករំលែកព័តមាននេះ