រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ មានប៉ូលិស និងសណ្តាប់ធ្នាប់ខណ្ឌជាច្រើននាក់ កាលពីល្ងាចថ្ងៃទី៩ និងព្រឹកថ្ងៃទី១០ កញ្ញា ២០១២ បានបើកប្រតិបត្តិការចុះប្រមូលចាប់រថយន្តតាក់ស៊ីប្រភេទទួរីស១២កៅអី និង១៥កៅអីដែលចតតាមមហាវិថីសហព័ន្ធរុស្ស៊ី នៅខាងលិចស្ពានអាកាស៧មករាឥតសណ្តាប់ធ្នាប់ និងបង្កភាពរញ៉េរញ៉ៃ បានចំនួន១៣គ្រឿង និងបានយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ទុកជាការព្រមាន ។ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្តៅបែបនេះយោងទៅតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ។
លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខ ឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ ស្នងការប៉ូលិសរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឱ្យពង្រឹងសណ្តាប់ធ្នាប់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ពោលគឺគោលការណ៍ធ្វើឱ្យមានសណ្តាប់ធ្នាប់ល្អសម្រាប់ភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ