រាជធានីភ្នំពេញ ៖ នៅវិមានរដ្ឋសភាបានបើកសិក្ខាសាលាមួយស្តីពី «វិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង»ដែលធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ហូ ណូន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា លោកអេសចន ហមបឺក នាយកប្រតិបត្តិអង្គការអាយអូជីធី អិុនធីអូមូវមែន នៃប្រទេសស៊ុយអែត ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ ។ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ កញ្ញា ២០១២ ។
លោកជំទាវ ហូ ណូន បានមានប្រសាសន៍ថា បញ្ហាគ្រឿងស្រវឹងមិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហាចម្បងដែលកើតមាននៅក្នុងបណ្តាប្រទេសនានាជាច្រើននៅលើសកលលោក ។
លោកជំទាវ ហូ ណូន បានបន្តថា នាពេលបច្ចុប្បន្នបញ្ហានេះបាននិងកំពុងបង្កឱ្យមានផលវិបាក និងផលប៉ះពាល់ចម្បងជាច្រើនដល់សុខភាពអាយុជីវិតគ្រួសារ សង្គម សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ដែលក្នុងនោះមានជាអាទិ៍ ជំងឺធ្ងន់ធ្ងរទាំងជំងឺឆ្លង និងមិនឆ្លង អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ពិការភាព បាត់បង់ការងារ ផលិតភាពការងារមិនពេញលេញ ភាពក្រីក្រ បង្កឱ្យមានបទល្មើស ជាពិសេសអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ ភាពអសន្តិសុខនានានៅក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ