ខេត្តកណ្តាល ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១០ កញ្ញា ២០១២ មានរៀបចំពិធីប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅសម្រាប់អនុវត្តការងារខែកញ្ញា ២០១២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកស្នងការរង ប្រធានការិយាល័យ គ្រប់ផែនអធិការនគរបាលទាំង១១ស្រុក-ក្រុង ព្រមទាំងនាយប៉ុស្តិ៍នគរបាលជាច្រើនរូបទៀត ។
លោកចាន់ សាវឿន បានឡើងអានរបាយការណ៍សភាពការណ៍សន្តិសុខ និងកិច្ចប្រតិបត្តិការប្រចាំខែសីហា ២០១២ ថា បទល្មើសព្រហ្មទណ្ឌកើតមាន២២លើក លើ២៦លើកថយចុះ៤លើក ក្នុងនោះបទល្មើសឧក្រិដ្ឋកើតមានឡើងចំនួន៥លើក លើ២លើក និងបទល្មើសមជ្ឈិមកើតមានឡើងចំនួន១៧លើក លើ២៤លើក ។
បទល្មើសព្រហ្មទណ្ឌដែលកើតមានឡើងនៅខែសីហា ២០១២ មានចំនួន២២លើក បើប្រៀបធៀបខែកក្កដា ២០១២ មានការថយចុះចំនួន៤លើក។ ជាមួយគ្នានោះដែរ នៅខែសីហា ២០១២ ការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន៥លើក ឃាត់ខ្លួនជនសង្ស័យ១២នាក់ ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២,២ក្រាមផងដែរ ។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា កើតមានឡើងចំនួន១៤លើក លើ២១លើក មានការថយចុះ៧លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ រងរបួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាល១០នាក់ ព្រមទាំងធ្វើឱ្យខូចខាតរថយន្ត៨គ្រឿង និងម៉ូតូ១៥គ្រឿង ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ មន្ត្រីនគរបាលដែលចូលរួមប្រជុំបានធ្វើការជជែកពិភាក្សាផ្តល់បទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមកទាក់ទិននឹងការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការកំណត់មុខសញ្ញាជនសង្ស័យដែលមានស្រាប់នៅក្នុងមូលដ្ឋាន ក៏ដូចជាមុខសញ្ញាផ្សេងៗដែលមកស្នាក់នៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ