មនុស្សយ៉ាងតិច៨៨នាក់ស្លាប់ កាលពីថ្ងៃទី៨ និងទី៩ កញ្ញា នៅអីុរ៉ាក់ ហើយមនុស្សជាង៤០០នាក់ទៀតរបួសក្នុងការវាយប្រហារភេរវកម្មមួយចំនួនដែលប៉ះជាពិសេសស្ថានកុងស៊ុលបារាំងនៅក្រុងណាស៊ីវីយ៉ាភាគខាងត្បូងក្រុងបាដាដ ។ការវាយប្រហារទាំងនេះធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងអំពើហិង្សានៅអីុរ៉ាក់តាំងពីដើមខែកញ្ញាមកឡើងដល់១១៨នាក់ ហើយ ។ ភាគច្រើននៃការវាយប្រហារទាំងនេះ កើតមានមុនការកាត់ទោសប្រហារជីវិតដោយកំបាំងមុខប្រឆាំងអនុប្រធានាធិបតីអីុរ៉ាក់ ជាជនស៊ុននីត លោកតារេកអាល់ហាសឺមី ពីបទនៅពីក្រោយការសម្លាប់មនុស្ស២នាក់ ។
នៅក្រុងណាស៊ីរីយ៉ាចម្ងាយ៣០០គីឡូម៉ែត្រ ពីរដ្ឋធានីគ្រាប់បែក១គ្រាប់ដាក់ក្នុងរថយន្ត១គ្រឿងចតក្បែរស្ថានកុងស៊ុលបារាំងបានផ្ទុះនាវេលាម៉ោង៩ព្រឹកថ្ងៃទី៩ កញ្ញា សម្លាប់មនុស្សម្នាក់និងធ្វើឱ្យរបួសមនុស្សម្នាក់ទៀត ។ ក្នុងក្រុងនេះដែរការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះមួយទៀតកើតមាននៅទល់មុខសណ្ឋាគារមួយបណ្តាលឱ្យមនុស្សស្លាប់២នាក់និងរបួស២នាក់ ។
ការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតកើតមានកាលពីព្រឹកថ្ងៃទី៩ កញ្ញា ក្នុងផ្សារមួយ ស្ថិតនៅក្បែរវិមានបញ្ចុះសពអីុម៉ាមស៊ីអីុតអាលីអាល់ឆាគី នាភាគខាងត្បូងប្រទេស ដោយរថយន្ត២គ្រឿងផ្ទុះសម្លាប់មនុស្ស១៤នាក់ និងរបួស៦០នាក់ ។ នៅក្រុងបាដាដ មានការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះ៥ បណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច៣២នាក់ ហើយមនុស្ស១០២នាក់ត្រូវរបួស ។ យប់ថ្ងៃទី៨ មកទី៩ កញ្ញា ពួកជនមិនស្គាល់មុខបានបាញ់ប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយជិតក្រុងបាដាដសម្លាប់ទាហាន១១នាក់ និងធ្វើឱ្យរបួស៨នាក់ទៀត ។
នាព្រឹកថ្ងៃទី៩ កញ្ញា គ្រាប់បែក១គ្រាប់ផ្ទុះជិតក្រុងគៀរគុក សម្លាប់មនុស្ស៧នាក់ ។ នៅក្រុងនេះដែរមានការវាយប្រហារ២ទៀត បណ្តាលឱ្យមនុស្សស្លាប់៣នាក់ ។ ការវាយប្រហារដទៃទៀតៗកើតមាននៅខាងលិចក្រុងគៀរគុក នៅទូសឃូម៉ាទូ តាល់អាហ្វារ សាម៉ារ៉ា តាជី បាគូបា ហ្វាលូចា និងម៉ូសស៊ូល ៕
ចែករំលែកព័តមាននេះ