ខេត្តពោធិ៍សាត់ ៖ កម្មករម្នាក់ក្នុងចំណោម៤៥នាក់ដែលជិះលើរថយន្តបានបែកក្បាលហូរឈាមរបួសធ្ងន់ ដោយសារបោកក្បាលនឹងរបារដែកកាត់ទទឹងថ្នល់ នៅទល់មុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិស្ទឹងតូចសង្កាត់រលាប កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ កញ្ញា ។ ជនរងគ្រោះឈ្មោះជន រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកានជាកម្មករដាំស្មៅតាមចិញ្ចើមថ្នល់របស់ក្រុមហ៊ុនមួយ ។
ប៉ូលិសក្រុងពោធិ៍សាត់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៩ កញ្ញា រថយន្តនីស្សាន់ ពណ៌ស គ្មានស្លាកលេខ របស់ក្រុមហ៊ុនខាងលើ បានដឹកកម្មករប្រុស-ស្រីចំនួន៤៥នាក់ ពីឃុំស្វាយដូនកែវ ទៅដាំស្មៅនៅចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលទទួលម៉ៅការកសាងផ្លូវឱ្យមជ្ឈមណ្ឌលអភិវឌ្ឍជនបទខេត្ត ។ ពេលកំពុងធ្វើដំណើរតាមផ្លូវកម្មករទាំងអស់ស្រែកហោរកញ្ជៀវសប្បាយរីករាយ លុះទៅដល់កន្លែងកើតហេតុឃើញរបារដែកកាត់ទទឹងថ្នល់នាំគ្នាឱនផុតអស់ សល់តែជនរងគ្រោះម្នាក់ឯង ក៏របារត្រូវក្បាលរយះដូចគេចាប់បកស្បែករបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។
មានការរិះគន់ចំពោះការដាក់របារកាត់ទទឹងផ្លូវមួយចំនួនក្នុងខេត្ត ថ្វីដ្បិតរបារការពារកុំឱ្យរថយន្តធុនធំដឹកធ្ងន់ចូលក៏ពិតមែន ប៉ុន្តែរបារទាំងនោះសុទ្ធតែអាចចាក់សោរបិទបើកបាន ដែលជាការឆ្លៀតឱកាសរកលុយរបស់សមត្ថកិច្ច ។ កន្លងមកគ្រោះថ្នាក់ដោយសារករណីនេះច្រើនគ្នាណាស់ ហើយរបារនៅខាងមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់នេះស្លាប់មនុស្ស៤-៥នាក់ហើយ និងរបួសមួយចំនួនទៀត ជាក់ស្តែងឥឡូវនេះរបួសកម្មករដាំស្មៅស្ទើរតែនឹងស្លាប់ម្នាក់ទៀតទៅហើយ ៕
ចែករំលែកព័តមាននេះ