រាជធានីភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធជិះម៉ូតូដឹកត្រីយកទៅលក់ត្រូវម៉ូតូវីវ៉ាដែលអ្នកបើកស្រវឹងធ្លាក់ភ្នែកហើយជិះលើផ្លូវបញ្ច្រាសមកបុកដួលបណ្តាលឲ្យបុរសជាប្តីដេកគងនឹងរបាំងថ្មពុះចែកផ្លូវរបួសបាក់ជើងស្តាំ ចំណែកអ្នកបើកម៉ូតូវីវ៉ាលើកម៉ូតូជិះរត់គេចតែធ្លាក់អ្នកជិះពីក្រោយនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១០ កញ្ញា តាមមហាវិថីព្រះមុនីវង្សនៅគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហមជិះគ្នា២នាក់ប្តីប្រពន្ធដឹកត្រីពីព្រែកព្នៅយកទៅលក់នៅមុខរោងចក្របឹងក្រពើ ជិះតាមមហាវិថីព្រះមុនីវង្សពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើស្រាប់តែមានម៉ូតូវីវ៉ា ពណ៌ខ្មៅ ជិះគ្នា២នាក់ ក្នុងស្ថានភាពស្រវឹងបើកភ្នែកមិនចង់រួច បានជិះលើផ្លូវបញ្រ្ចាស ពីលិចទៅកើត ក៏បុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យអ្នកបើកម៉ូតូសង់កូរ៉េដួលដេកគង់លើរបាំងថ្មពុះចែកផ្លូវរបួសបាក់ជើង ចំណែកប្រពន្ធរលាត់ដៃជើងតិចតួច ។ ដោយឡែកបន្ទាប់ពីបុកហើយខាងម៉ូតូបង្ករងរបួសតិចតួចបាននាំគ្នាលើកម៉ូតូជិះរត់ស្រាប់តែធ្លាក់អ្នកជិះពីក្រោយនៅកន្លែងកើតហេតុ ហើយស្រ្តីជាប្រពន្ធបុរសរងគ្រោះបានងើបរត់ទៅចាប់ជាប់តែអ្នកបើកម៉ូតូវីវ៉ាបានបើករត់បាត់ហើយ ។
អ្នកបើកម៉ូតូសង់កូរ៉េឈ្មោះ គង់ សំអឿន អាយុ៣០ឆ្នាំ ជាអាជីវករលក់ត្រីស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកអ្នកធ្លាក់ពីលើម៉ូតូវីវ៉ា ឈ្មោះ សាឃី ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពងជ័យ ឃុំចំបក់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថា ពួកគេរួមជាមួយមិត្តភក្កិម្នាក់ទៀត ដែលជិះម៉ូតូរត់បាត់នោះ ទើបមកពីផឹកស៊ីនៅបឹងក្រពើ ។ អ្នកបើកម៉ូតូសង់កូរ៉េត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ឯម៉ូតូរបស់ជនរងគ្រោះដែលរងការខូចខាតនិងបុរសម្នាក់ដែលធ្លាក់នៅកន្លែងកើតហេតុត្រូវសមត្ថកិច្ចនាំទៅខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ