រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍២ករណី កើតឡើងក្នុងខណ្ឌដូនពេញ ក្នុងសកម្មភាពតែមួយ គឺបើកបរទាំងស្រវឹងធ្លាក់ភ្នែកក្នុងនោះកាមរីគូទស្វិតមួយគ្រឿង បើកបោះពួយទៅបុកម៉ូតូហងុដាម៉ាកPCX បណ្តាលឱ្យដួលខូចខាតយ៉ាងដំណំ ឯម្ចាស់លោតចេញទាន់ផុតពីគ្រោះថ្នាក់ និងមួយរឿងទៀតម៉ូតូវ៉េវអាល់ហ្វាពន្លះវីវ៉ាដួលបែកមុខបែកមាត់ខ្លួនឯង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូហុងដាPCX ពណ៌ស្ករ រងការខូចខាតយ៉ាងដំណំ ខណៈពេលរថយន្តកាមរីគូទស្វិតបុកនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈកាល់តិចជិតមន្ទីរពេទ្យកាល់មែ៉ត តាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្តព្យាយាមបើករត់ទៅដល់មហាវិថីព្រះសុីសុវត្ថិកែងផ្លូវលេខ៨០ មុខកំពង់ផែថ្ម ទើបក្របួចបានកាលពីវេលាមោ៉ង១១និង៣០នាទីយប់ថ្ងៃទី៩ កញ្ញា ។
សាច់ញាតិខាងម៉ូតូបានឱ្យដឹងថា រថយន្តកាមរីគូទស្វិត ពណ៌ស បើកតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងក៏រេចង្កូតទៅបុកម៉ូតូPCX បើកពីត្បូងទៅជើង បណ្តាលឱ្យម៉ូតូខូចខាតយ៉ាងដំណំ តែម្ចាស់លោតចេញពីម៉ូតូទាន់មិនមានរងរបួសទេ ។ បន្ទាប់ពីបុកហើយរថយន្តមិនបានឈប់ទេចេះតែ ព្យាយាមបើករត់គេចតែត្រូវមិត្តភក្តិជនរងគ្រោះដែលជិះម៉ូតូមកពីក្រោយបានជិះដេញតាមរួមជាមួយសមត្ថកិច្ចរហូតដល់មុខផែថ្ម ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ទើបឃាត់រថយន្តបង្កនោះបាន ។
ម្ចាស់ម៉ូតូបានអះអាងថា ម៉ូតូរបស់គេមានតម្លៃថ្លៃជាងរថយន្តបង្កនេះទៅទៀត ហើយទាមទារឱ្យខាងរថយន្តសងការខូចខាតម៉ូតូរបស់គេ តែការចរចាមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅដោះស្រាយនៅការិយាល័យ នគរបាលចរាចរផ្លូវគោក ។
ដោយឡែក១ករណីទៀត ម៉ូតូវេ៉វអាល់ហ្វា ពណ៌ក្រហម បើកបរទាំងស្រវឹងធ្លាក់ភ្នែកជ្រុលទៅបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ខ្លួនឯង កាលពីវេលាម៉ោង១២និង១៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ កញ្ញា តាមមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ១១០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូវេ៉វអាល់ហ្វា បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក តាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង ចំណែកម៉ូូតូវីវ៉ា ពណ៌ខ្មៅ ជិះគ្នា២នាក់ តាមផ្លូវលេខ១១០ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែវ អ្នកបើកម៉ូតូវ៉េវជិះទៅបុកម៉ូតូវីវ៉ា បណ្តាលឱ្យដួលបែកមុខបែកមាត់ខ្លួនឯង រីឯអ្នកជិះម៉ូតូវីវា៉ា មិនមានរងរបួសទេ ។ ក្រោយពេលកើតហេតុភាគីទាំងសងខាងបានចរចាគ្នានៅកន្លែងកើតហេតុ ដោយសុំស្មើគ្នា រួចលើកម៉ូតូជិះចេញទៅរៀងខ្លួន ៕
ចែករំលែកព័តមាននេះ