កីឡាករអង់គ្លេស Lewis Hamiltonកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យនៃការគ្រងតំណែងជើងឯកហ្វមមូឡាវ័នពិភពលោកប្រចាំឆ្នាំ២០១២បន្ទាប់ពីបានយកឈ្នះពានជើងឯកកម្មវិធី Italian F1 Grand Prixនៅទីលានប្រណាំងស្ថិតក្នុងទីក្រុងម៉ុងហ្សាប្រទេសអុីតាលីកាលពីថ្ងៃអាទិត្យទី៩ខែកញ្ញាកន្លងមកនេះ ។
Hamiltonវ័យ២៧ឆ្នាំបើកបរឱ្យក្រុមប្រណាំង McLarenបានបញ្ចប់ការប្រណាំងដែលមាន៥៣ជុំស្មើនឹង៣០៦,៧២០គីឡូម៉ែត្រដោយប្រើអស់ថិរវេលា១ម៉ោង១៩នាទីនិង៤១.២២១វិនាទីដណ្តើមបានពានជើងឯកយកមកគ្រប់គ្រងជាលើកទី៣ក្នុងរដូវកាល ។ កីឡាករដែលបើកលឿនដណ្តើមបានចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករម៉ិកស៊ិក Sergio Perez ។ Perezដែលបើកបរឲ្យក្រុមSauberបានបញ្ចប់ការប្រណាំងដោយប្រើថិរវេលាយឺតជាង Hamilton៤.៣៥៦វិនាទី ។
ចំណែកកីឡាករដែលបើកលឿនលំដាប់ទី៣បានទៅលើកីឡាករអេស្ប៉ាញហ្វឺណាន់ដូ អាឡុនសូ ។ អាឡុនសូដែលបើកបរឲ្យក្រុមហ្វេរ៉ារីបានបញ្ចប់ការប្រណាំងដោយប្រើថិរវេលាយឺតជាង Hamilton ២០.៥៩៤វិនាទី ។
សម្រាប់ Hamilton នេះគឺជាជ័យជម្នះជើងឯកលើកទី៣ហើយនៅក្នុងការប្រណាំង១៣លើកនៅរដូវកាលឆ្នាំ២០១២នេះហើយក៏ជាជ័យជម្នះលើកទី២០ផងដែរនៅក្នុងអាជីពរបស់គេ ។
វាជាជ័យជម្នះយ៉ាងត្រចះត្រចង់បំផុតសម្រាប់រូបគេនៅប្រទេសអុីតាលីនេះ។ ម្យ៉ាងវិញទៀត ជោគជ័យលើកនេះវាបានកើតឡើងបន្ទាប់ពីការនាំមុខបណ្តោះអាសន្នរបស់គេកាលពីថ្ងៃសៅរ៍កន្លងមកផងដែរ។ Hamiltonដែលជាជើងឯកពិភពលោកឆ្នាំ២០០៨បានថ្លែងថា៖«នេះពិតជាពុំគួរឲ្យជឿ។ ខ្ញុំគិតថាការប្រណាំងលើកនេះពិតជាសប្បាយខ្លាំងណាស់»។
កីឡាករប្រេស៊ីល Felipe Massaបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤ ។ គេបានប្រើថិរវេលាច្រើនជាង Hamilton ២៩.៦៦៧វិនាទី នាំមុខកីឡាករហ្វាំងឡង់ Kimi Raikkonenដែលបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៥ ។ ចំណែកកីឡាករវ័យក្មេងអាល្លឺម៉ង់នីកូ រ៉ូបឺកបានបានបញ្ចប់ការប្រណំាំងក្នុងលំដាប់ទី៧តាមពីក្រោយកីឡាករមិត្តរួមជាតិខ្លួន Michael Schumacherដែលបញ្ចប់ការប្រណាំងលើកនេះដណ្តើមបានចំណាត់ថ្នាក់លេខលេខ៦។ ជើងឯកពិភពលោករូបនេះបានប្រើពេលច្រើនជាងHamilton ៣១.២៥៩វិនាទី។
នៅលើតារាងពិន្ទុជើងឯកពិភពលោកវិញ បន្ទាប់ពីឆ្លងកាត់ការប្រណាំងអស់១៣ជុំមកនេះ កីឡាករអាឡុនសូនៅតែស្ថិតនៅលំដាប់លើគេជាដដែល។ អាឡុនសូពេលនេះមាន១៧៩ពិន្ទុ នាំមុខកីឡាករ Hamiltonស្ថិតនៅលំដាប់ទី២មាន១៤២ពិន្ទុ។ ឯកីឡាករ Kimi Raikkonenស្ថិតនៅលំដាប់ទី៣មាន១៤១ពិន្ទុ ៕
ចែករំលែកព័តមាននេះ