ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំតាកយ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ប្រកបមុខរបរដាំដំណាំដូចជា ម្រេច ដីប្លី និងក្រូចត្លុងជាដើម ព្រោះជាតំបន់មួយដែលមានភាពសមប្រកបទៅនឹងប្រភេទរុក្ខជាតិទាំងនោះ។ ដោយឡែកក្រូចត្លុងនៅទីនោះមានរសជាតិឆ្ងាញ់ណាស់ ។
បុរសឈ្មោះ ទន់ ឈឿន អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិតាកយ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា គាត់ប្រកបមុខរបរដាំក្រូចត្លុងអស់រយៈពេលជិត២០ឆ្នាំហើយ និងជាមុខរបរមួយដែលសមប្រកបទៀតផង ។ការដាំក្រូចនេះគាត់មិនប្រើជីគីមីទេ គឺប្រើតែជីលាមកសត្វដូចជា លាមកគោ លាមកប្រចៀវ និងលាមកសត្វមាន់ និងមិនបាញ់ថ្នាំពុលប្រឆាំងសត្វល្អិតទេ ។
ក្នុងមួយឆ្នាំគាត់ទិញលាមកគោមកដាក់ដើម្បីបំប៉នក្រូចត្លុងរបស់គាត់២០ទៅ៣០គោយន្ត ព្រោះគាត់ត្រូវដាក់ឱ្យគ្រប់គ្រាន់ទៅតាមទំហំដីចម្ការរបស់គាត់ចំនួន៤ហិកតា ។ ដំណាំក្រូចត្លុងនេះប្រសិនបើមានទឹក វាផ្តល់ផលផ្កា ផ្លែជារៀងរហូត មិនថារដូវប្រាំង ឬរដូវវស្សាទេ តែផ្ទុយទៅវិញប៉ុន្មានខែថ្មីៗនេះ មិនសូវមានទឹកគ្រប់គ្រាន់ផ្លែក្រូចមានទំហំតូច និងមិនបានច្រើនទេ ។ ក្រូចត្លុងមានបីប្រភេទគឺ ប្រភេទសាច់ស ប្រភេទសាច់ក្រហម និងប្រភេទសាច់លឿង ។
កសិករ ទន់ ឈឿន ឱ្យដឹងថា ក្រូចត្លុងចាប់ផ្តើមផ្លែពីខែពិសាខ ហើយរយៈពេល៦ខែទើបអាចប្រមូលផលបាន ។ ក្នុងមួយឆ្នាំៗគាត់អាចប្រមូលផលក្រូចរបស់គាត់បានពី៦ទៅ៧តោន។ រាល់ផ្លែក្រូចរបស់គាត់លក់ទៅតាមភូមិ ឬតាមពិធីបុណ្យផ្សេងៗ ជាពិសេសនោះនៅក្នុងពិធីបុណ្យកឋិន ព្រោះនៅពេលដែលក្រូចរបស់គាត់ទុំស្របពេលរដូវបុណ្យកឋិនតែម្តង ។ ប្រសិនបើយកទៅទីផ្សារវិញនោះ គឺក្នុងមួយផ្លែតម្លៃពី២.៥០០ទៅ៣.០០០រៀល ចំពោះផ្លែដែលមានទំហំលេខមួយ តែចំពោះផ្លែអន់បំផុតគឺមួយតម្លៃ១.៥០០រៀល ។
អ្នកភូមិផ្សេងទៀតដែលដាំក្រូចត្លុងដែរនោះឱ្យដឹងថា ផលិតផលក្រូចត្លុងនេះ មានភាពងាយស្រួលក្នុងការដាំ មិនសូវជាចំណាយពេលថែរក្សាប៉ុន្មានទេ ។ ក្រូចត្លុងរបស់ពួកគាត់គឺសុទ្ធតែមិនប្រើថ្នាំពុលសម្លាប់សត្វល្អិតទេ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ ។
ផ្លែក្រូចដែលធំល្មម ពួកគាត់យកទៅលក់នៅទីផ្សារនានា ហើយពេលខ្លះក៏នាំយកទៅរាជធានីភ្នំពេញផងដែរ ។
ស្ត្រីមេផ្ទះម្នាក់នៅស្រុកគិរីវង់ និយាយថា គាត់រីករាយនៅពេលដែលស្រុករបស់គាត់មានដាំដំណាំហូបផ្លែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ។ ចំពោះក្រូចត្លុងរបស់កសិករក្នុងស្រុកគាត់នេះ គាត់ចូលចិត្តទិញហូបណាស់ ព្រោះគ្មានជាតិគីមីដូចជាបន្លែផ្លែឈើនាំចូលពីប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ