ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងមានគ្នីគ្នារាប់សិបនាក់បានដេញវ៉ៃគ្នាប្រសាចម៉ាសេរីដូចហ្វូងគោនៅលើសួនច្បារលោកស ខេង ខាងមុខភូមិគ្រឹះលោកអភិបាលខេត្ត ក្នុងសង្កាត់រតនះ ក្រុងបាត់ដំបង កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី៨ កញ្ញា ហើយត្រូវកម្លាំងបង្ករបស់ស្នងការខេត្តស្ទាក់ក្របួចបានចំនួន២៥នាក់ ចំណែកច្រើននាក់ទៀតបានរត់រួច តែមាន២នាក់ត្រូវពួកគេអះអាងថា លោតចូលទឹកស្ទឹងសង្កែ ។
លោកអនុសេនីយ៍ឯកគឹម ពន្លក ដែលដឹកនាំកិច្ចប្រតិបត្តិការនេះនិយាយថា ហេតុការណ៍នេះបានកើតឡើងក្នុងគ្រាដែលក្រុមសមត្ថកិច្ចកំពុងចេញល្បាតតាមដងផ្លូវនានាក្នុងក្រុង។ ក្រុមនេះបានដេញវ៉ៃគ្នារត់កាត់ពីមុខរថយន្តលោកដូចហ្វូង គោទើបយើងបង្រ្កាបបានភ្លាមៗ។ លោកប្រាប់ថា ពួកគេមាន២ក្រុមដែលខ្លះប្រើប្រាស់ស្នាប់ដៃ និងខ្លះមានប្រើដាវផង តែពេលត្រូវសមត្ថកិច្ចដេញចាប់ ពួកគេបោះចោលក្នុងព្រៃមាត់ស្ទឹងអស់ទៅ ។ លោកបន្តថា មានភាគីអ្នកចាញ់២នាក់បានរត់ទម្លាក់ទឹកស្ទឹង ព្រោះទាល់ច្រកពេលសត្រូវដេញពីក្រោយ ឯមួយចំនួនរត់មិនរួចក៏ត្រូវកម្លាំងរបស់លោកចាប់បាន សរុបទាំង២ភាគីមានចំនួន២៥នាក់ ដែលភាគច្រើនមានអាយុក្រោម២០ឆ្នាំ ។
ភាគីដែលចាញ់ប្រាប់ថា ពួកគេមានគ្នាចំនួន១១នាក់មកពីឃុំអូរដំបង១ ស្រុកសង្កែ ។ ពួកគេថា ភាគីម្ខាងទៀតមានបក្សពួកប្រហែល៣០នាក់បានមកឡោមព័ទ្ធវ៉ៃពួកខ្លួន ក្នុងគ្រាដែលពួកខ្លួនកំពុងលាតវង់ផឹកស៊ីលើសួនច្បារ ។ ក្រុមនេះបន្តថា គ្រានោះពួកវាបានស្រែកថា «ពួកអ្ហែងព័ទ្ធវាឲ្យជាប់ ហើយវ៉ៃវាទៅ?» ដោយឃើញពួកគេមានស្នាប់ដៃ និងដាវសាម៉ូរៃផង ពួកខ្លួនក៏ងើបរត់ចោលដបស្រាតែម្ដង ។ ពួកគេអះអាងថា ពួកខ្លួនម្នាក់ត្រូវគេគប់ចំជើង និង២នាក់ទៀតបានរត់ទម្លាក់ទឹកស្ទឹងបាត់ស្រមោល ព្រោះភ័យពេក ពេលពួកវាដេញពីក្រោយរហូត ព្រមទាំងរត់ចោលកង់មួយគ្រឿងផង ។
រីឯភាគីអ្នកឈ្នះវិញមិនមានអ្នកណាហ៊ានអះអាងថា ពួកគេមានពាក់ព័ន្ធក្នុងរឿងនេះទេ តែពួកគេខ្លះបានរត់គេចខ្លួន និងខ្លះទៀតបានរត់ទៅចូលរោងជាងប៉ះកង់នៅក្បែរនោះ ដោយយកលេសថាអង្គុយចាំប៉ះកង់ តែការពិតពួកគេគ្មានកង់ ឬម៉ូតូយកទៅប៉ះសោះ ។ ក្រុមនេះមានខ្លះជាកម្មកររោងចក្រទឹកកកនៅខាងមុខសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងខ្លះទៀតនៅរោងចក្រទឹកកក ខាងជើងរង្វង់មូលព្រះនរាយណ៍ ក្នុងសង្កាត់អូរចា ។ ទាំង២ភាគីត្រូវសមត្ថកិច្ចនាំយកទៅដុះក្អែល និងកាត់សម្អាតសក់ហាយឡាយខ្លះ ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ក្រុមក្មេងទំនើងក្នុងក្រុងបាត់ដំបងត្រូវកម្លាំងរបស់លោកបង្រ្កាបបានបន្តបន្ទាប់ នៅពេលពួកគេប៉ះទង្គិចគ្នាម្ដងៗ ។ លោកបញ្ជាក់ថា ក្រុមនេះភាគច្រើនតែងធ្វើសកម្មភាពពេលយប់ជ្រៅបន្ទាប់ពីពួកគេចេញពីក្លិបរាត្រីនានា ។ លោកជេត វណ្ណនី បានបន្តថា ដោយសារតែពួកគេមិនទាន់បានបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរ ទើបលោកស្នងការបញ្ជាឲ្យធ្វើការអប់រំ និងអញ្ជើញអាណាព្យាបាលពួកគេឲ្យមកធ្វើកិច្ចសន្យាធានាឲ្យត្រឡប់ទៅវិញដើម្បីកែខ្លួន ៕
ចែករំលែកព័តមាននេះ