ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ដែលជាខេត្តជង្រុកស្រូវមួយនៅប្រទេសកម្ពុជា ក្រៅពីធ្វើស្រូវប្រាំង បច្ចុប្បន្ននេះបាននាំគ្នាធ្វើស្រូវស្រាលដំណើបខ្មៅ ខណៈស្រូវដំណើបខ្មៅមានហាងឆេងនាំចេញទៅលក់ទាំងក្នុងនិងក្រៅប្រទេស។
លោក ហេង ប៊ុនហោ ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ថា នៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១២នេះ ទោះជានៅតាមបណ្តាស្រុកមួយចំនួនធំជួបគ្រោះរាំងស្ងួតយ៉ាងណាក៏ដោយ ទូទាំងខេត្តសម្រេចធ្វើស្រែបានចំនួន២៣.៥០០ហិកតា លើផែនការចំនួន២២.៥០០ហិកតា ។
កន្លងមកដោយសារជួបគ្រោះរាំងស្ងួតក្រោយពេលដែលប្រជាកសិករធ្វើស្រែរួចហើយ ស្រូវក៏ត្រូវងាប់ និងស្វិតក្រៀម តែបន្ទាប់មកធម្មជាតិអំណោយផលវិញ ដោយមានភ្លៀងរលឹមរហូតដល់ចុងខែសីហា និងដើមខែកញ្ញា ក៏មានភ្លៀងធ្លាក់ជាច្រើនកន្លែងធ្វើឱ្យស្រូវលូតលាស់ឡើងវិញ ។ លោក ហេង ប៊ុនហោ បញ្ជាក់ថា នៅឆ្នាំ២០១២នេះ ប្រជាកសិករធ្វើស្រូវស្រាលក្នុងនោះមានប្រភេទស្រូវមិនប្រកាន់រដូវរយៈពេល៣ខែ ដែលធ្វើបាន២ទៅ៣ដងក្នុងមួយរដូវ និងប្រភេទស្រូវស្រាលដើមរដូវ ដែលទទួលផលក្នុងមួយហិកតាបានពី៤ទៅ៥តោន ។
ក្រោយពីមានទីផ្សារ និងដឹងថា ប្រភេទស្រូវណាមួយមានហាងឆេងពួកគាត់នឹងនាំគ្នាធ្វើច្រើនមិនខាន ជាក់ស្តែងនៅស្រុកមង្គលបុរីក្រៅពីធ្វើស្រូវប្រាំង ពួកគាត់ធ្វើស្រូវដំណើបខ្មៅ ដែលជាប្រភេទស្រូវស្រាលដើមរដូវនៅឆ្នាំនេះ គឺមានមិនតិចជាង១០.០០០ហិកតា ដែលត្រូវបានច្រូតហើយនាំចេញទៅលក់នៅប្រទេសថៃក្នុងមួយតោនបានតម្លៃជិត១០.០០០បាត ។ កសិករបច្ចុប្បន្នកំពុង ប្តូរយុទ្ធសាស្រ្តតាមទីផ្សារ ៕
ចែករំលែកព័តមាននេះ