រាជធានីភ្នំពេញ ៖ យោងតាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរកឃើញ និងលុបឈ្មោះខ្មោចជាង៣ម៉ឺននាក់ចេញពីបញ្ជី ចុះឈ្មោះអ្នកបោះឆ្នោតថ្មីបាន១០ម៉ឺននាក់ និងកែតម្រូវឈ្មោះបាន៨.៦៦០នាក់ ក្នុងរយៈពេល៧ថ្ងៃសម្រាប់ការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ។
គ.ជ.ប បន្តថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតមានចំនួន១០១.២៤៧នាក់ស្មើនឹង១៦,៣៤% ដែលតួលេខនេះគ.ជ.បបានទទួលពីឃុំ-សង្កាត់ចំនួន១.៥៧២ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១.៦៣៣ទូទាំងប្រទេស ។ ជាមួយគ្នានេះដែរស្មៀនឃុំ-សង្កាត់បានកែតម្រូវឈ្មោះអ្នកបោះឆ្នោតបានចំនួន៨.៦៦០នាក់ និងលុបឈ្មោះបានចំនួន៣០.៤៧៥នាក់ ។
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានរយៈពេល៤២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី១២ តុលា ឆ្នាំ២០១២ ។ តាមគ.ជ.បបានអះអាងថា ដោយយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២ មានគណបក្សនយោបាយចំនួន៥បានដាក់តំណាងរបស់គេចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិនិយម (នរោត្តម រណឬទ្ធិ) គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ។ ចំណែកឯអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិមានចំនួន៣ គឺអង្គការខុមហ្វ្រែល អង្គការ NDI និងអង្គការ IFES ក៏បានដាក់អ្នកសង្កេតការណ៍របស់ខ្លួនផងដែរ ។
លោកទេព នីថា អគ្គលេខាធិការគ.ជ.បបានថ្លែងដោយអំពាវនាវថា អ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត ពិសេសយុវជន-យុវនារីទើបគ្រប់អាយុ១៨ឆ្នាំគិតត្រឹមថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ (កើតមុន ឬត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ១៩៩៥) និងអ្នកផ្លាស់ទីលំនៅក្នុងឃុំ-សង្កាត់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងអំឡុងពេលនេះ ព្រោះថាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ គឺជាការកសាងបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជី និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលមានឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ។ គួរបញ្ជាក់ថា តាមតារាងស្ថិតក្រោមការប៉ាន់ស្មានមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំនេះមានចំនួនប្រមាណ៦១៥.៦៣០នាក់ ។
ស្របពេលជាមួយគ្នានេះដែរ គ.ជ.បបានប្រកាសថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ ២០១២ គ.ជ.ប នឹងរៀបចំនូវកិច្ចប្រជុំមួយរវាងគ.ជ.ប ជាមួយគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយអំពីការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.បក្រោមអធិបតីភាពលោកឃ្លោក ប៊ុតឌី សមាជិកគ.ជ.ប ។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មាន ៕
ចែករំលែកព័តមាននេះ