រាជធានីភ្នំពេញ ៖ ក្រុមការងារចុះជួយសង្កាត់ទួលសង្កែ, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវត្រូវបានធ្វើពិធីប្រកាសតែងតាំង និងកែសម្រួលសមាសភាព កាលពីរសៀលថ្ងៃទី៨ កញ្ញា ២០១២ ក្រោមអធិបតីភាពលោកអ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ។ ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលម៉ូដេន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីប្រធាន អនុប្រធាន ក្រុមការងារចុះជួយខណ្ឌឫស្សីកែវ សង្កាត់ ភូមិ និងសមាជិក សមាជិកាយ៉ាងច្រើនកុះករ ។
តាមសេចក្តីសម្រេចលោកឃ្លាំង ហួត ជាប្រធានគណបក្សខណ្ឌឫស្សីកែវ ត្រូវបានតែងតាំងកែសម្រួលជាប្រធានក្រុមការងារចុះជួយគីឡូម៉ែត្រលេខ៦ លោកកូប ស្លេះ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌត្រូវបានតែងតាំងកែសម្រួលជាប្រធានក្រុមការងារចុះជួយសង្កាត់ទួលសង្កែ, លោកស្រីទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ ត្រូវតែងតាំងកែសម្រួលជាប្រធានក្រុមការងារចុះជួយសង្កាត់ឫស្សីកែវ, លោកហ៊ុល សាភា ត្រូវបានតែងតាំងកែសម្រួលជាអនុប្រធានក្រុមការងារចុះជួយខណ្ឌទទួលបន្ទុកសម្របសម្រួលសង្កាត់ស្វាយប៉ាក និងលោកប្រាក់ ចាន់ណា ត្រូវតែងតាំងសម្រួលជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក ។
លោកឃ្លាំង ហួត ប្រធានគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ ឱ្យដឹងថា ក្នុងសេចក្តីសម្រេចមានក្រុមការងារច្រើនណាស់នៅតាមសង្កាត់ និងភូមិសូមឱ្យមានទាំងបរិមាណ និងគុណភាពសំខាន់គឺឆន្ទៈត្រូវរួមគ្នាបំពេញកាតព្វកិច្ច និងដណ្តើមជ័យជម្នះជូនបក្ស ។ កន្លងមកនៅក្នុងរាជធានីភ្នំពេញ គណបក្សប្រជាជនដណ្តើមបានជោគជ័យលើសលប់តែសម្រាប់ការបោះឆ្នោតជ្រើសរើសរដ្ឋសភានៅឆ្នាំ ២០១៣ ខាងមុខនេះ យើងត្រូវដណ្តើមឱ្យបាន៩អាសនៈ។ ដូច្នេះសូមឱ្យក្រុមការងារចុះជួយសង្កាត់នីមួយៗត្រូវយកចិត្តទុកដាក់ និងពិនិត្យពីកម្លាំងក្រុមការងាររបស់ខ្លួនជួបប្រជុំដាក់ផែនការឱ្យបានច្បាស់លាស់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ