រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូ១គ្រឿង បានរអិលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ១កន្លែង ខណៈម្ចាស់បើកយកទៅចតទុកនៅលើចិញ្ចើមផ្លូវក្បែរមាត់ប្រឡាយមិនបានប្រុងប្រយ័ត្នហើយគ្រាន់តែម្ចាស់ដើរចេញទៅរកទិញស្កុតបានចម្ងាយប្រមាណ៣-៤ម៉ែត្រប៉ុណ្ណោះរ៉ឺម៉កម៉ូតូនោះក៏រអិលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៩ កញ្ញា តាមចិញ្ចើមផ្លូវជាតិលេខ៤ត្រង់ចំណុចមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័នស្ថិតក្នុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។
តាមប្រភពព៌ត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលធ្លាក់ចូលទឹក គេបានឃើញបុរសម្នាក់ជាម្ចាស់រ៉ឺម៉កបើករ៉ឺម៉កក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុគាត់បានឈប់ដោយចតរ៉ឺម៉កម៉ូតូនោះនៅលើចិញ្ចើមផ្លូវក្បែរមាត់ប្រឡាយទឹកស្អុយដោយមិនបានរកអ្វីមួយទៅកល់កង់រ៉ឺម៉កនោះឡើយ ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីចតរួចបុរសនោះបានដើរចេញទៅរកទិញស្កុតដែលនៅជិតនោះដែរ លុះដើរបានចម្ងាយប្រមាណតែ៣-៤ម៉ែត្រ រ៉ឺម៉កម៉ូតូក៏បានរអិលធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្តងម្ចាស់រ៉ឺម៉កមិនអាចទាញរឺុម៉កទប់ទាន់ បានត្រឹមតែឈរមើលក្នុងសភាពអស់សង្ឈឹមនិងសោកស្តាយយ៉ាងខ្លាំង ព្រោះរ៉ឺម៉កម៉ូតូនោះត្រូវលិចបាត់ទៅក្នុងទឹកខូចខាតទាំងស្រុង ។
ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុនោះមានមនុស្សម្នារជាច្រើនដែរ ប៉ុន្តែមិនមាននរណាម្នាក់រត់ទៅជួយចាប់ទាញទាន់នោះទេ ដោយម្នាក់ៗបានត្រឹមតែឈរមើលក្នុងស្ថានភាពស្រឡាំងកាំង និងហួសចិត្ត ៕
ចែករំលែកព័តមាននេះ