ខេត្តកំពង់ចាម ៖ សំណង់អាគាររដ្ឋបាលថ្មីសាលាស្រុកអូររាំងឪមានទំហំ៩,៦០ម៉ែត្រគុណ២៨ម៉ែត្រមានកម្ពស់១ជាន់ប្រក់ក្បឿងក្នុងនោះមានសាលប្រជុំមួយទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ កំពុងតែដំណើរការសាងសង់បាន ប្រហែលជាង៤០ភាគរយហើយគិតត្រឹមព្រឹកថ្ងៃទី៦ កញ្ញ ស្ថិតនៅភូមិទី១ ឃុំគងជ័យ ស្រុកអូររាំងឪ ក្រោមការផ្តួចផ្តើមរបស់លោកហ៊ុន ណេង អភិបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងអង្កការក្រៅរដ្ឋាភិបាលព្រមទាំងស្ថាប័នផ្សេងៗមកទំនាក់ទំនងការងារសង្គម ។
លោក រស់ សុខន អភិបាលស្រុកអូររាំងឪ មានប្រសាសន៏ឲ្យដឹងថា ចំពោះថវិកាត្រូវចំណាយក្នុងការសាងសង់អគារនេះគឺជាថវិការបស់រដ្ឋដែលមានចំនួន៧០០លានរៀល ដោយចាប់ផ្តើមដំណើរការសាងសង់៣ខែមកហើយ ក្រៅពីនេះនឹងរៀបចំសួនច្បារនៅក្នុងបរិវេណសាលាស្រុកឲ្យមានសោភ័ណភាព ធ្វើខ្លោងទ្វារចូល និងក្រាលឥដ្ឋការូឡាផងដែរ ។
លោករស់ សុខន បានរំលឹកថារូបលោកជាអភិបាលរងស្រុកមេមត់ហើយត្រូវថ្នាក់លើឲ្យមកកាន់តួនាទីថ្មីជាអភិបាលស្រុកអូររាំងឪជំនួសលោកអភិបាលចាស់ដែលចូលនិវត្តន៍។ ដោយលោកអភិបាលខេត្តបានពិនិត្យឃើញដោយផ្ទាល់នូវអគារសាលាស្រុកចាស់មានសភាពទ្រុឌទ្រោម ក៏ប្រកាសផ្តល់ជូនសំណង់អគាររដ្ឋបាលសាលាស្រុកថ្មីព្រមទាំងបានហៅមន្រ្តីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃឲ្យចុះវាយតម្លៃដែលត្រូវចំណាយប្រាក់ក្នុងគម្រោងសាងសង់អស់ចំនួន៧០០លាន រៀល ។ មកដល់ក្នុងខែមិថុនា២០១២ សំណង់ ត្រូវបានចាប់ផ្តើមសាងសង់លេចចេញជារូបរាងឡើង ដែលនេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តរួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ។
លោករស់ សុខន បានបញ្ជាក់ថា រូបលោកបានមកធ្វើជាអភិបាលស្រុកអូររាំងឪរយៈពេលជិត២ឆ្នាំហើយដោយឃើញមានការខ្វះខាតក៏បានបំផុសចលនាសប្បុរសជនកសាងខ្លោងទ្វារច្រកចូលសាលាស្រុក ព្រមទាំងបានក្រាលឥដ្ឋការូឡាដាំដើមឈើលម្អទៀតផង ។ លើសពីនេះទៀតដោយពិនិត្យឃើញនូវគ្រោះថ្នាក់មិនចេះចប់មិនចេះហើយត្រង់ស្ពានដែកតូចចង្អៀតខុសបទដ្ឋានបច្ចេកទេសទើបលោកហ៊ុន ណេងអភិបាលខេត្តសម្រេចផ្តល់ជូននូវស្ពានបេតុងថ្មីមួយជំនួសស្ពានដែកដែលមានទទឹង១១ម៉ែត្រគុណ៣០ម៉ែត្រកំពុងដំណើរការសាងសង់បានប្រហែលជា៥០ភាគរយហើយដែរ ក្នុងពេលអនាគតដ៏ឆាប់ស្ពាននេះនឹងត្រូវសាងសង់រួចរាល់ រំពឹងថាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយមួយកម្រិតមិនខាន ។
សម្រាប់បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមលោកអភិបាលស្រុកបញ្ជាក់ថា កាលពីពេលថ្មីៗមានចោរមួយក្រុមចូលមកលួចក្របី របស់ប្រជាពលរដ្ឋរស់នៅភូមិបឹងផ្តិល ឃុំទួលសុភី ស្រុកអូររាំងឪចំនួន៣ក្បាលយកទៅលក់ តែក្រោយរយៈពេល១ម៉ោងប៉ុណ្ណោះត្រូវបានកម្លាំងនគរបាលស្រុកអូររាំងឪដេញប៉ផាប់ចាប់ពភីងទាំងយប់ដណ្តើមបានក្របីមកវិញ ចំណែកចោររត់ដាក់មេផាយបាត់ ។ សម្រាប់ករណីគ្រឿងញៀនវិញក៏ត្រូវបានយកចិត្តទុកដាក់បង្រ្កាបរួមទាំងបទល្មើសនេសាទ ធ្វើយ៉ាងណាដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង ៕
ចែករំលែកព័តមាននេះ