រាជធានីភ្នំពេញ ៖ ជាងមាសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យរយៈពេល២ម៉ោង ដោយសារបុរសនោះផឹកទឹកអាស៊ីតសម្រាប់ធ្វើមាសបណ្តាលឱ្យឆេះពោះវៀនខៀវពេញពោះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៧កញ្ញា នៅផ្ទះជួលជិតផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទឹកអាស៊ីតនីទ្រិចជាប្រភេទអាស៊ីតខ្លាំងបំផុត អ្នករងគ្រោះនឹងស្លាប់បើបានផឹកចូលទៅក្នុងពោះ ។
ជាងមាសផឹកទឹកអាស៊ីតសម្លាប់ខ្លួននោះ ឈ្មោះរ៉េត រិទ្ធី អាយុ២៩ឆ្នាំ ស្នាក់់នៅផ្ទះជួលខាងលើមានស្រុកកំណើតនៅអូររាំងឪ ខេត្តកំពង់ចាម ។ បើតាមស្រ្តីជាប្រពន្ធមិនប្រាប់ឈ្មោះបានឱ្យដឹងថា គាត់និងប្តីរៀបការបានកូន២នាក់ កូនប្រុសអាយុ៥ឆ្នាំ និងកូនស្រីអាយុ២ឆ្នាំ ហើយប្តី ប្រពន្ធគាត់មិនមានទំនាស់អ្វីនឹងគ្នាទេរស់នៅជាមួយគ្នាជាធម្មតា ។ ស្រ្តីជាប្រពន្ធបានបន្តទៀតថា កាលពីព្រឹកមុនពេលកើតហេតុប្តីរបស់គាត់បានជិះម៉ូតូឌុបគាត់ទៅផ្សារទិញម្ហូបតែប្តីមិនបានឈប់នៅរង់ចាំទេដោយត្រឡប់ទៅផ្ទះមុន ។
លុះពេលគាត់ទិញម្ហូបអាហាររួចរាល់ហើយទើបជិះម៉ូតូឌុបតាមក្រោយខណៈមកដល់ផ្ទះស្រាប់តែគោះទ្វារផ្ទះឃើញប្តីនៅក្នុងបន្ទប់ទឹកបានប្រាប់ថា គាត់ផឹកទឹកអាស៊ីតធ្វើមាស និងប្រាប់ថាក្តៅក្រហល់ក្រហាយខ្លាំងណាស់ ។ បន្ទាប់ពីដឹងហើយគាត់ជាប្រពន្ធនិងសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈបន្ទាប់ពីទៅដល់មន្ទីរពេទ្យរយៈពេល២ម៉ោងជនរង គ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារតែទឹកអាស៊ីតកាត់ពោះវៀនឡើងខៀវពេញពោះអស់ទៅហើយ គ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបានទេ ។
ប្រភពព័ត៌មានក្រៅផ្លូវការថា ជនរងគ្រោះទំនងមានវិបត្តិអ្វីមួយទើបផឹកទឹកអាស៊ីតសម្លាប់ខ្លួនបែបនេះ សូម្បីតែមាត់ក៏ពណ៌ខៀវដែរ ។ ប្រភពខ្លះទៀតនិយាយថា ទំនងជាបុរសនោះផឹកច្រឡំស្មានថាទឹកដោយសារទឹកអាស៊ីតនោះច្រកក្នុងដបទឹកបរិសុទ្ធដែរ ដោយផឹកអស់មួយចង្អុលដៃ ។ទោះបីជាយ៉ាងណាការសម្លាប់ខ្លួនរបស់បុរសជាងមាសនេះមិនមានប្រភពណាមួយអះអាងច្បាស់លាស់នៅឡើយទេ ។ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ