រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារពេលជួសជុលផ្ទះត្រូវសសរបាក់សង្កត់លើ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៧ កញ្ញា នៅផ្ទះលេខ១០៩ ផ្លូវលេខ៦៨ ភូមិទួលសង្កែ សង្កាត់ឫស្សីកែវ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ង្វៀង យ៉ាំងឡុក អាយុ១៨ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នករបួសធ្ងន់ឈ្មោះង្វៀន យ៉ាំងទឹង អាយុ៣០ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ជនរងគ្រោះទាំង២នាក់ជាបងប្អូននឹងគ្នា មានទីលំនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុកម្មករទាំង២ត្រូវបានម្ចាស់ផ្ទះជួលឱ្យទៅ ជួលជុលផ្ទះនៅចំណុចផ្ទះលក់កាហ្វេខាងលើ ។ នៅខណៈនោះកម្មករទាំង២នាក់បាននាំគ្នាវាយជើងសរសេរដែលស្ថិតនៅជាប់មុខផ្ទះ ស្រាប់តែជើងសសរនោះបាក់់ ហើយសង្កត់ពួកគេទាំង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែដោយសារកម្មករម្នាក់របួសធ្ងន់ពេក ក៏បានស្លាប់ បងប្អូនក៏បានបញ្ជូនសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ